ក្លិបបាល់ទាត់ Liverpool កំពុងតែមានបញ្ហានៅតំបន់កណ្តាលរបស់ខ្លួនដោយកីឡាករសំខាន់ៗមួយចំនួនបានទទួលរងរបួសជាបន្តបន្ទាប់។
ប្រធានក្រុម Jordan Henderson កំពុងតែមានបញ្ហារបួសដោយមិនអាចបង្ហាញខ្លួនបានឡើយពេលប៉ះ Napoli ក្នុងជំនួបបើកឆាក Champions League 2022-23 នៅយប់ថ្ងៃទី07 ឈានចូលថ្ងៃ08នាវេលាម៉ោង២រំលងអធ្រាត្រ ។
ចំណែកកីឡាករ Fabio Carvalho, Curtis Jones, Naby Keita និង Alex Oxlade-Chamberlain សុទ្ធសឹងតែមានបញ្ហារបួសដោយមិនទាន់អាចចូលលេងឲ្យហង្សក្រហមបានឡើយ។យ៉ាងណាមិញខ្សែបម្រើ Thiago Alcantara អាចនឹងបង្ហាញខ្លួនបានវិញបន្ទាប់ខកខានជួយ Liverpool អស់រយៈពេលជាង១ខែ។
ក្រឡេកទៅមើល Napoli វិញអាចនឹងទទួលបានកីឡាករសំខាន់២រូបត្រឡប់មកវិញគឺ Hirving Lozano និង Victor Osimhen ដោយអ្នកទាំងពីរបានចូលរួមហ្វឹកហ្វាត់ជាមួយមិត្តរួមក្រុមជាធម្មតាបន្ទាប់ពីជាពីរបួស។
បញ្ហារបួសកីឡាករបានធ្វើឲ្យហង្សក្រហមពិតជាលំបាកជាពិសេសនៅតំបន់កណ្តាលហើយកាលពីមុនទីផ្សារដោះដូរកីឡាករបិទ Liverpool ក៏បានខ្ចីខ្សែបម្រើ Arthur Melo ពី Juventus ផងដែរ។ខ្សែបម្រើវ័យ 26ឆ្នាំរូបនេះបង្ហាញខ្លួនលើទីលានលើកចុងក្រោយបង្អស់តាំងពីខែឧសភាដោយចូលលេងក្នុងនាមជាកីឡាករដដូរចូលនៅវគ្គផ្តាច់ព្រ័ត្រ Coppa Italia។សម្រាប់រំលងអធ្រាត្រយប់នេះរូបគេអាចនឹងមានឱកាសចូលលេងឲ្យហង្សក្រហមនៅកីឡដ្ឋាន Stadio Diego Armando Maradona។
គ្រូបង្វឹក Liverpool លោក Jurgen Klopp បាននិយាយថា៖ “Arthur ត្រូវបង្ហាញខ្លួននៅលើទីលានហើយដើម្បីបានលេងរូបគេត្រូវធ្វើការហ្វឹកហ្វាត់ឲ្យបានខ្លាំង។តើគាត់អាចបង្ហាញខ្លួនលើទីលានបានទេ? បាន។តើគាត់លេងពេញ៩០នាទីឬយ៉ាងណា?ទេប្រហែលមិនអាចទេគាត់ត្រូវការពេលវេលាបន្ថែមទៀតជាមួយក្រុម។មិនមែនមានន័យថានៅ Champions League មានការប្រកួតតិចជាងនៅ Premier League នោះអ្នកត្រូវបន្ថយការហ្វឹកហ្វាត់នោះទេ។Arthur បានបង្ហាញភាពលិចធ្លោនៅពេលហ្វឹកហ្វាត់ដូចនេះយើងត្រូវរក្សាគេឲ្យបានល្អកុំឲ្យមានបញ្ហារបួសហើយយើងនឹងប្រើគេនៅពេលសមស្របណាមួយ”។
លោកបានបន្ថែមទៀតថា៖ “Thiago បានត្រឡប់មកហ្វឹកហ្វាត់វិញហើយរូបគេបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការជួយក្រុម។សម្រាប់ Henderson យើងបានឲ្យក្រុមគ្រូពេទ្យត្រួតពិនិត្យរួចរាល់ហើយគេអាចនឹងវិលមកវិញបន្ទាប់ពី International break។
សូមជម្រាបថាហង្សក្រហម Liverpool ចាប់ផ្តើមរដូវកាលថ្មីនេះមិនបានល្អឡើយដោយឆ្លងកាត់ការប្រកួតក្នុងក្របខ័ណ្ឌ Premier League 2022-23 6ប្រកួតឈ្នះពីរ ស្មើបី និងចាញ់មួយ។