ក្លិបបាល់ទាត់ Kuala Lampur City មកពីប្រទេសម៉ាឡេស៊ីបានបង្កើតនូវប្រវត្តិសាស្ត្រថ្មីរបស់ខ្លួនដោយអាចឡើយដល់វគ្គផ្តាច់ព្រ័ត្រ AFC Cup 2022 បន្ទាប់ពីយកឈ្នះក្រុម PFC Sogdiana Club របស់អ៊ូសបេគីស្ថានដោយបាល់ប៉េសណាល់ទីក្នុងលទ្ធផល 5-3 ។
ជ័យជំន្នះដ៏ត្រចះត្រចង់នេះបានធ្វើឲ្យក្រុមរបស់លោក Bojan Hodak ត្រូវបន្តដំណើរទៅប៉ះក្លិប Al Seeb មកពីអូម៉ង់ក្នុងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ក្លិបបាល់ទាត់ Al Seeb បានកក់កៅអីវគ្គផ្តាច់ព្រ័ត្ររួចជាស្រេចបន្ទាប់ពីបានផ្តួល Al-Riffa របស់បារ៉ែនក្នុងលទ្ធផល 4-0 កាលពីថ្ងៃទី០៤ ខែតុលាកន្លងទៅ។
នៅក្នុងការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Sogdiana Sporting Complex ក្រុមម្ចាស់ផ្ទះ Sogdiana បានធ្វើការវាយសម្រុកជាខ្លាំងក្នុងតង់ទី១ ប៉ុន្តែមិនអាចរកគ្រាប់បាល់បានឡើយខណៈដែល KL City ក៏មានឱកាសជាច្រើនផងដែរ។អ្នកចាំទីរបស់ KL City កីឡាករ Kevin Ray Mendoza បានក្លាយជាវីរៈបុរសក្លិបក្រោយជួយសង្គ្រោះការស៊ុតជាច្រើនលើកក្នុងពេលប្រកួតហើយថែមទាំងបានបានសង្គ្រោះបាល់ប៉េសណាល់ទី១គ្រាប់អំឡុងពេលទាត់បាល់កាត់សេចក្តី១១ម៉ែត្ររកអ្នកឈ្នះបន្ទាប់ពីស្មើគ្នា១២០នាទី 0-0។
រូបគេបានសង្គ្រោះបាល់ទី២បន្ទាប់ពីការស៊ុតដោយខ្សែការពារ Shakhboz Jurabekov។ចំណែកឯ KL City វិញស៊ុតបាល់ប៉េណាល់ទី៥ចូលទាំង៥តែម្តងដោយមានការស៊ុតពីសំណាក់កីឡាករដូចជា៖ Paulo Josue, Romel Morales, Muhammad Hadin Azman, Muhammad Akram Mahinan និង Giancarlo Gallifuoco។
Kuala Lampur City បានក្លាយជាក្លិបបាល់ទាត់ទីពីរមកពីប្រទេសម៉ាឡេស៊ីដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់ AFC Cup។ម្ចាស់ជើងឯកលីគកំពូលម៉ាឡេស៊ី៩សម័យកាល Johor Darul Ta’zim គឺជាអ្នកបើកទំព័រប្រវត្តិសាស្ត្រឲ្យប្រទេសម៉ាឡេស៊ីមុនគេក្នុងការគ្រងដំណែងជើងឯកពានរង្វាន់ AFC Cup កាលពីឆ្នាំ២០១៥បន្ទាប់ពីយកឈ្នះក្លិបមកពីប្រទេសតាជីគីស្ថាន Istiklol ដោយលទ្ធផល 1-0 ។
សូមជម្រាបផងដែរថាការប្រកួតពានរង្វាន់ AFC Cup 2022 នេះក៏មានក្លិបបាល់ទាត់មកពីលីគកំពូលកម្ពុជាពីរផងដែរបានចូលរួមក្នុងនោះមានវិសាខានិងភ្នំពេញក្រោនប៉ុន្តែជាលទ្ធផលមិនល្អក្លិបទាំងពីរនេះបានធ្លាក់ក្នុងវគ្គជម្រុះក្នុងពូល។