Skip to content
អ្នកចាំទី Copenhagen ថា Haaland មិនមែនជាមនុស្សទេ
    ទំព័រដើម  »  កីឡាអន្តរជាតិ

អ្នកចាំទី Copenhagen ថា Haaland មិនមែនជាមនុស្សទេ

Erling Haaland បានបន្តទម្រង់លេងដ៏អស្ចារ្យរបស់ខ្លួនដោយរកបានគ្រាប់បាល់ពីរគ្រាប់បន្ថែមទៀតកាលពីយប់មិញខណៈដែលក្រុម Manchester City បានយកឈ្នះលើ Copenhagen របស់ដាណឺម៉ាកក្នុងលទ្ធផល 5-0 កាលពីយប់ថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០២២។

កីឡាករវ័យ២២ឆ្នាំរូបនេះរកបាន១៩គ្រាប់ក្នុង១២ប្រកួតដំបូងនៅរដូវកាលនេះឲ្យក្រុមរបស់លោក Pep Guardiola ខណៈដែលយប់មិញរូបគេប៊ិះនឹងរកបាន Hat-trick លើកទី៤របស់ខ្លួនទៅហើយតែត្រូវលោក Pep ដូររូបគេចេញនៅពេលចប់៤៥នាទីវគ្គទី១។

កីឡាករ Jack Grealish បាននិយាយអំពី Haaland ថា៖ “វាពិតជាមិនគួរឲ្យជឿ ខ្ញុំមិនដែលឃើញកីឡាករណាដូចគេសោះក្នុងជីវិតរបស់ខ្ញុំ។សម្រាប់គ្រាប់បាល់ទី១និងទី២ខ្ញុំបានសើចដោយឆ្ងល់ថាហេតុគ្រប់ពេលគឺជារូបគេ។អ្នកចាំទីរបស់ Copenhagen កីឡាករ Kamil Grabara បាននិយាយមកខ្ញុំក្នុងពេលដែលខ្ញុំកំពុងដើរចូលក្នុងបន្ទប់រូបគេនិយាយថា Haaland មិនមែនជាមនុស្សធម្មតាទេ ហើយខ្ញុំបានសួរបែបលេងសើចវិញថាអ្នកកំពុងថាឲ្យខ្ញុំមែនទេ។យ៉ាងណាមិញខ្ញុំសង្ឃឹមថាគេនឹងរក្សាទម្រង់លេងដ៏ល្អនេះហើយនាំក្រុមឈ្នះជើងឯក”។

“ខ្ញុំពិតជាចូលចិត្តការលេងនៅ Champions League ជាពិសេសលេងក្នុងកីឡដ្ឋាន Etihad តែម្តងវាពិតជាអស្ចារ្យ។លេងបីប្រកួតឈ្នះទាំងបីប្រកួតឈរនៅកំពូលតារាងវាគឺជារឿងដ៏រីករាយបំផុត។បីបួនប្រកួតចុងក្រោយនេះខ្ញុំមានអារម្មណ៍ថាខ្ញុំអាចរកអ្វីដែលជារបស់ខ្លួនឯងត្រឡប់មកវិញបានហើយ។ខ្ញុំកំពុងតែលេងបានច្រើនហើយមានទំនុកចិត្តខ្ពស់ក្នុងការជួយក្រុមវាធ្វើឲ្យខ្ញុំរាងអស់សង្ឃឹមបន្តិចនៅពេលដែលខ្ញុំមិនអាចរកគ្រាប់បាល់បានក្នុងយប់នេះប៉ុន្តែមិនអីទេយ៉ាងណាក្រុមទាំងមូលទទួលបានបីពិន្ទុ។មួយរយៈចុងក្រោយនេះខ្ញុំមានឱកាសបង្ហាញខ្លួនច្រើនលើទីលានដូច្នេះខ្ញុំសូមអរគុណដល់ Pep សម្រាប់រឿងនេះ”។ Grealish បន្ថែម។

Haaland រកបាន២គ្រាប់ម្នាក់ឯងត្រឹមតែ៣២នាទីដំបូងក្នុងការប្រកួតទីបីរបស់ Manchester City ក្នុងពានរង្វាន់ Champions League 2022-23 មុនពេលគ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករ Davit Khochlava ធ្វើឲ្យ Copenhagen ត្រូវបានក្រុមម្ចាស់ផ្ទះនាំមុខ 3-0 គិតត្រឹម៤៥នាទីដំបូង។

ចូលដល់វគ្គទី២កីឡាករ Riyad Mahrez និង Julian Alvarez រកបានម្នាក់មួយគ្រាប់បន្ថែមទៀតដោយបានធ្វើឲ្យការប្រកួតបញ្ចប់ទៅដោយលទ្ធផល 5-0 ខណៈដែលជ័យជម្នះនេះបានធ្វើឲ្យ Man City ស្ថិតនៅចំណាត់ថ្នាក់លេខ១ក្នុងពូល G នៃក្របខណ្ឌ Champion League ក្រោយឆ្លងកាត់ការប្រកួត៣ប្រកួតឈ្នះទាំងបី។

ទន្ទឹមនឹងនេះលោក Pep Guardiola បានលើកសរសើរកូនក្រុមរបស់ខ្លួនយ៉ាងពេញទំហឹងបន្ទាប់ពីពួកគេអាចយកឈ្នះក្រុមភ្ញៀវ Copenhagen និងចាប់ផ្តើមរដូវកាលថ្មីដ៏អស្ចារ្យ។Man City ជាក្រុមអង់គ្លេសតែមួយគត់ដែលមិនទាន់ស្គាល់ពាក្យថាចាញ់នៅរដូវកាលនេះបើទោះបីនៅក្នុងក្របខណ្ឌ Premier League 2022-23 ពួកគេស្ថិតនៅចំណាត់ថ្នាក់លេខ២ដោយតាមពីក្រោយ Arsenal មួយពិន្ទុក៏ដោយ។

លោក Pep Guardiola បាននិយាយថា៖ “ក្រុមទាំងមូលមានការយល់ចិត្តគ្នាយើងនឹងប្រយុទ្ធដើម្បីជ័យជម្នះ។បន្ទាប់ពីឈ្នះ6-3ក្នុងជំនួប Manchester derbyក្រុមទាំងមូលមានទំនុកចិត្តជាខ្លាំងនូវអ្វីដែលយើងបានធ្វើរាល់ថ្ងៃនេះ។លទ្ធផលឈ្នះគឺល្អណាស់ខ្ញុំពិតជាស្ងើចសរសើរសម្រាប់ការលេងរបស់ក្រុមហើយពេញចិត្តនិងសូមសរសើរកីឡាកររបស់ខ្ញុំសារជាថ្មីម្តងទៀត។យើងធ្វើបានល្អគ្រប់កន្លែងទាំងអស់ ក្រុមទាំងមូលពិតជាផ្តោតអារម្មណ៍បានល្អហើយកីឡាករទាំងអស់បានលេងនៅកម្រិតមួយដ៏ខ្ពស់។កីឡាករទាំងអស់ត្រូវលេងឲ្យបានល្អដើម្បីជួយក្រុមឲ្យឈ្នះពីមួយប្រកួតទៅមួយប្រកួត”។