Xavi Hernandez និយាយថា Barcelona នៅពេលនេះមិនសមជាក្រុមដែលអាចប្រជែងនៅក្នុងក្របខណ្ឌ Champions League បាននោះទេបើទោះបីជាក្រុមនៅតែមានឱកាសឡើងទៅវគ្គបន្តក៏ដោយ។
ការឡើងទៅវគ្គ១៦ក្រុមចុងក្រោយ Champions League 2022-23 សម្រាប់ Barcelona ហាក់នៅសល់តិចតួចប៉ុណ្ណោះបន្ទាប់ពីប្រកួតស្មើគ្នា 3-3 ជាមួយ Inter Milan នៅកីឡដ្ឋាន Camp Nou កាលពីយប់ថ្ងៃពុធ ទី១២ ខែតុលា ដែលធ្វើឲ្យក្លិបមួយនេះស្ថិតនៅចំណាត់ថ្នាក់៣នៃពូល C។
Bayern Munich កំពុងតែបង្ហាញភាពខ្លាំងរបស់ខ្លួនបើទោះបីជាស្ថិតនៅក្នុងពូលមរណៈក៏ដោយក្រោយប្រកួត៤ប្រកួតឈ្នះទាំង៤ស្ថិតនៅកំពូលតារាងខណៈ Inter មាន៧ពិន្ទុ និង Barcelona មាន៤ពិន្ទុក្រោយឆ្លងកាត់៤ប្រកួតដូចគ្នា។
ទោះបីជាBarce នៅសល់ពីប្រកួតទៀតដោយត្រូវជួប Bayern Munich និងក្រុមបាតតារាង Viktoria Plzen ក៏ភាគរយឡើយទៅវគ្គបន្តនៅតែមានភាពស្រពិចស្រពិលដោយ Xavi បានគិតរួចហើយថាក្រុមរបស់ខ្លួនមិនសមនឹងទទួលបានឱកាសឡើងទៅវគ្គបន្តទេ។
Xavi បាននិយាយបន្ទាប់ពីចប់ការប្រកួតថា៖ “ខ្ញុំពិតជាមានការខកចិត្ត មិនសប្បាយចិត្តនិងខឹងមែនទែននេះជាកំហុសរបស់ខ្ញុំ។ក្រុមរបស់យើងមិនសមនឹងលេងនៅ Champions League ឡើយវាពិតជាឈឺចាប់ប៉ុន្តែយើងត្រូវទទួលយកវា។ខ្ញុំសូមអភ័យទោសចំពោះអ្នកគាំទ្រទាំងអស់សម្រាប់លទ្ធផលមិនល្អរបស់ពួកយើង។ខ្ញុំចង់ប្រាប់អ្នកគាំទ្រទាំងអស់គ្នាថាយើងនឹងរៀបចំក្រុមឲ្យបានល្អហើយយកពានរង្វាន់ជូនអ្នកទាំងអស់គ្នា”។
Barcelona កំពុងតែស្ថិតនៅកំពូលតារាងក្នុងក្របខណ្ឌ La Liga ប៉ុន្តែក្នុងសប្ដាហ៍នេះនៅថ្ងៃអាទិត្យ ទី១៦ ខែតុលា ពួកគេនឹងត្រូវជួបប្រកួតជាមួយ Real Madrid។
“ខ្ញុំសង្ឃឹមថាការប្រកួតថ្ងៃនេះ(Inter)នឹងមិនប៉ះពាល់អារម្មណ៍របស់កីឡាករនៅក្នុងការប្រកួត El Clasico នាពេលខាងមុខ។កីឡាករទាំងអស់ធ្វើបានល្អហើយនៅថ្ងៃនេះហើយគោលដៅរបស់យើងនៅតែដដែលគឺឈ្នះពានរង្វាន់”។ Xavi បន្ថែម។