Skip to content
គ្រូបង្វឹក Park Hang Seo លាឈប់ពីជម្រើសជាតិវៀតណាមក្រោយដឹកនាំរយៈពេល៥ឆ្នាំ
    ទំព័រដើម  »  កីឡាអន្តរជាតិ

គ្រូបង្វឹក Park Hang Seo លាឈប់ពីជម្រើសជាតិវៀតណាមក្រោយដឹកនាំរយៈពេល៥ឆ្នាំ

គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងលោក Park Hang Seo ដែលបាននាំមកនូវភាពជោគជ័យយ៉ាងច្រើនជូនដល់បាល់ទាត់វៀតណាមក្នុងប៉ុន្នានឆ្នាំចុងក្រោយនេះបានសម្រេចលាឈប់ពីតួនាទីរបស់លោកនៅពេលដែលកិច្ចសន្យាផុតសុពលភាពនៅថ្ងៃទី31 ខែមករា ឆ្នាំ២០២៣។

នេះមានន័យថាការប្រកួតបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF CUP 2022 នឹងក្លាយជាការដឹកនាំលើកចុងក្រោយសម្រាប់លោក Park Hang Seo ក្នុងនាមជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម។ លោក Park បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) កាលពីថ្ងៃច័ន្ទនេះថា៖ “ខ្ញុំនឹងចងចាំជានិច្ចនូវពេលវេលារយៈពេលប្រាំឆ្នាំរបស់ខ្ញុំជាមួយបាល់ទាត់វៀតណាម។វាគឺជាដំណើរដ៏គួរឲ្យចងចាំនិងរីករាយបំផុត”។

គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះបាននិយាយថាលោកយល់ពីទឹកចិត្តស្រឡាញ់និងការគាំទ្រដែលលោកទទួលបានអំឡុងនៅប្រទេសវៀតណាមហើយលោកសន្យាថានឹងប្រឹងប្រែងធ្វើការឲ្យខ្លាំងបន្ថែមទៀតនាពេលអនាគតខាងមុខ។

 “ជាថ្មីម្តងទៀតខ្ញុំពិតជាអរគុណសម្រាប់សេក្តីស្រឡាញ់ដែលប្រទេសវៀតណាមបានផ្តល់ឲ្យខ្ញុំ”។គ្រូបង្វឹករូបនេះបានបន្ថែម។

សហព័ន្ធកីឡាបាល់ទាត់វៀតណាមថាការសម្រេចនេះកើតចេញពីការយោគយល់គ្នានិងជូនពរឲ្យភាគីទាំងពីរមានអនាគតរុងរឿង។សហព័ន្ធបានអះអាងថាលោក Park នឹងនៅតែរក្សាភាពជាដៃគូជិតស្និទ្ធដើម្បីអភិវឌ្ឍបាល់ទាត់វៀតណាមបន្តទៀត។

Park Hang Seo បានក្លាយជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមនៅចុងឆ្នាំ2017ដោយចាត់តាំងពីពេលនោះមកលោកទទួលបានជោគជ័យជាបន្តបន្ទាប់ជាមួយនឹងចំណាត់ថ្នាក់ជើងឯករងព្រឹត្តិការណ៍ AFC U23 Championship 2018 ក្លាយជាម្ចាស់ពានរង្វាន់ AFF Suzuki Cup 2018, ឈ្នះមេដាយមាសបាល់ទាត់ផ្នែកបុរសពីរដងជាប់ៗគ្នានៅស៊ីហ្គេម (2019,2021) ទទួលបានចំណាត់ថ្នាក់លេខ៤នៅ Asian Games 2018 ឡើងដល់វគ្គ៨ក្រុមចុងក្រោយការប្រកួតជើងឯកអាស៊ីឆ្នាំ២០១៩ (Asian Cup 2019)និងឆ្នាំ២០២១ជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមឈានដល់វគ្គជម្រុះជុំចុងក្រោយនៃពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 Qatar។

ក្រោមការដឹកនាំរបស់គ្រូបង្វឹក Park Hang Seo វៀតណាមបានក្លាយជាប្រទេសនាំមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍និងរក្សាបានតំណែងក្នុងចំណាត់ថ្នាក់កំពូលទាំង១០០របស់ FIFA។

លោក Park បានបន្តកុងត្រាជាមួយសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) ពីរដងរួចមកហើយ។លើកទីមួយនៅឆ្នាំ២០១៩ជាមួយនឹងកិច្ចសន្យារយៈពេល២ឆ្នាំនិងលើកទី២នៅឆ្នាំ២០២១ដោយបន្ថែមសុពលភាព១ឆ្នាំទៀត។នៅក្នុងខែកញ្ញានិងខែតុលាឆ្នាំនេះភាគីទាំងសងខាងក៏បានព្រមព្រៀងលើការបញ្ចប់កិច្ចសន្យានៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ តែម្តង។

ពានរង្វាន់ AFF Cup ឆ្នាំ 2022 គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2022 ដល់ថ្ងៃទី 15 ខែមករា ឆ្នាំ 2023។ វៀតណាម ស្ថិតក្នុងពូល B ជាមួយម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងឡាវ។ ក្រុមនីមួយៗនឹងលេងការប្រកួតវគ្គចែកពូលចំនួន 4 រួមទាំងការប្រកួតក្នុងផ្ទះ 2 និងក្រៅដីពីរ។ វៀតណាមនឹងលេងក្នុងផ្ទះទល់នឹងម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ហើយក្រៅផ្ទះប៉ះឡាវ និងសិង្ហបុរី។