កីឡាករ Richarlison បានសម្រក់ទឹកភ្នែករបស់ខ្លួនក្រោយឆ្លើយនឹងសំណួរដែលអ្នកសារព័ត៌មានបានសួរបន្ទាប់ពីចប់ការប្រកួតជាមួយ Everton ហើយរូបគេបាននិយាយថាក្តីស្រម៉ៃក្នុងការបង្ហាញខ្លួននៅព្រឹត្តិការណ៍ World Cup របស់គេប្រហែលជាត្រូវរសាត់ឆ្ងាយហើយ។
កីឡាករវ័យ25 ឆ្នាំរូបនេះបង្ហាញខ្លួនឲ្យជម្រើសជាតិប្រេស៊ីលបាន៣៨ប្រកួតនិងត្រូវបានគេរំពឹងថានឹងមានឈ្មោះក្នុងបញ្ជីចុងក្រោយរបស់គ្រូបង្វឹក Tite ក្នុងការធ្វើដំណើរទៅចូលរួមប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក World Cup Qatar នៅខែក្រោយនេះប៉ុន្តែក្តីសង្ឃឹមហាក់ត្រូវបាត់បង់ទោវិញបន្ទាប់ពីរូបគេបានរងរបួសកំភួនជើងក្នុងជ័យជំនះ 2-0 របស់ Spurs ទល់នឹងអតីតក្លិបចាស់របស់ខ្លួនគឺ Everton។
អតីតកីឡាកររបស់ Watford រូបនេះត្រូវបានផ្លាស់ប្តូចេញនៅនាទី៥២ក្នុងគ្រាដែលក្រុមរបស់ខ្លួននៅរក្សាលទ្ធផល 0-0 នៅឡើយជាមួយ Everton។គ្រូបង្វឹករបស់ Spurs លោក Antonio Conte បានចេញមកបញ្ជាក់ថាកីឡាកររូបនេះនឹងខនខានការប្រកួតពាក់កណ្តាលសប្ដាហ៍នេះពេលទៅលេងនៅទឹកដី Old Trafford ខណៈ Richarlison ផ្ទាល់កំពុងតែសង្ស័យនូវបញ្ហារបួសរបស់ខ្លួនដោយគិតថាមិនអាចជាទាន់មុនព្រឹត្តិការណ៍ World Cup ចូលមកដល់។
មានសេក្តីរាយការណ៍ថាខ្សែប្រយុទ្ធរូបនេះមិនអាចទ្រាំទ្រនឹងបញ្ហារបួសរបស់ខ្លួនបានក្នុងពេលដែលមិត្តរួមក្រុមកំពុងអបអរនឹងជ័យជំនះលើ Everton នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។រូបគេត្រូវដើរដោយកាន់ឈើច្រត់ហើយបានស្រក់ទឹកភ្នែកនៅពេលឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានជាមួយនឹងកែវភ្នែកក្រហមរបស់ខ្លួន។
Richarlison បានប្រាប់ ESPN Brazil ថា៖ “វាពិតជាពិបាកក្នុងការនិយាយណាស់ក្តីសុបិនក្នុងការលេងនៅ World Cup របស់ខ្ញុំជិតឈានចូលមកដល់ហើយ។ខ្ញុំធ្លាប់មានបញ្ហារបួសស្រដៀងគ្នាបែបនេះដែលកាលនៅ Everton ដោយខ្ញុំត្រូវសម្រាករយៈពេល២ខែ ខ្ញុំសង្ឃឹមថារបួសនេះនឹងមិនធ្ងន់ធ្ងរទៅចុះហើយព្យាបាលក្នុងរយៈពេលខ្ចី។ថ្ងៃច័ន្ទនេះខ្ញុំនឹងត្រូវត្រួតពិនិត្យបញ្ហារបួសនេះជាមួយក្រុមគ្រូពេទ្យប៉ុន្តែឥឡូវនេះសូម្បីតែដើរក៏ឈឺដែលដូច្នេះរងចាំមើលបន្តទៀតសិន”។
“វាកៀកមែនទែនហើយនៅសល់តែមួយខែទៀតទេនឹងដល់ World Cup ហើយខ្ញុំបានត្រៀមរួចរាល់ហើយ ដោយព្យាយាមហ្វឹកហ្វាត់ពីមួយថ្ងៃទៅមួយថ្ងៃដើម្បីកុំឲ្យមានបញ្ហាអ្វីធ្ងន់ធ្ងរកើតឡើងប៉ុន្តែជាអកុសលថ្ងៃនេះខ្ញុំមានរបួសកំភួនជើងដូចនេះមានតែពេលវេលាទេជាអ្នកដោះស្រាយ។ខ្ញុំនឹងព្យាយាមព្យាបាលរបួសនេះពីមួយថ្ងៃទៅមួយថ្ងៃឲ្យចាប់ជាសះស្បើយតាមដែលអាចធ្វើទៅបាន”។Richarlisonបន្ថែម។
លោក Conte ក៏បានបញ្ជាក់ថា Richarlison នឹងខនខានការធ្វើដំណើរទៅកាន់ទីក្រុង Manchester ដោយនិយាយថារូបគេត្រូវការពេលវេលាដើម្បីព្យាបាលរបួសឲ្យជាសះស្បើយ។ Conte បាននិយាយថា៖ “ប្រាកដណាស់រូបគេនឹងខនខានការប្រកួតជាមួយ Manchester United។Richarlison កំពុងតែឈឺចាប់ខ្លាំងជាមួយនឹងរបស់កំភួនជើងរបស់គេហើយរូបគេនឹងមិនមានវត្តមានសម្រាប់ការប្រកួតនោះឡើយ។ខ្ញុំគិតថារូបគេត្រូវការពេលវេលាបន្តិចដើម្បីព្យាបាលរបួសឲ្យជាសះស្បើយយើងពិតជាសោស្តាយពីព្រោះតែយើងកំពុងតែត្រូវការកីឡាករដែលមានគុណភាពដូចជារូបគេ”។
របួសរបស់ Richarlison មិនបានជះឥទិពលខ្លាំងឡើយដល់ការប្រកួតដោយក្រុមរបស់គេនៅតែអាចទទួលបានជ័យជម្នះ 2-0 លើក Everton ហើយគ្រាប់បាល់ទាំងពីរនោះរកបានដោយកីឡាករ Harry Kane និង Pierre-Emile Hojbjerg៕