Skip to content
ភ្នាក់ងារថា Pogba មិនសប្បាយចិត្តទេហើយត្រូវតែចេញពី Man Utd ក្នុង​ទីផ្សារ​ដោះដូរ​ខាង​មុខ​
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ភ្នាក់ងារថា Pogba មិនសប្បាយចិត្តទេហើយត្រូវតែចេញពី Man Utd ក្នុង​ទីផ្សារ​ដោះដូរ​ខាង​មុខ​

លោក Mino Raino ដែលជាភ្នាក់ងាររបស់ខ្សែបម្រើ Paul Pogba និយាយថាកីឡាករជម្រើសជាតិបារាំងរូបនេះមិនសប្បាយចិត្តនៅ Manchester United ទេ ហើយគេត្រូវតែផ្លាស់ប្ដូរក្រុមនៅក្នុងទីផ្សារដោះដូរលើកក្រោយ។

Pogba វ័យ២៧ឆ្នាំ កំពុងនៅជាប់កិច្ចសន្យាជាមួយ Man Utd ដល់ខែមិថុនាឆ្នាំ២០២២។ រដូវកាល២០២០-២១នេះ គេទើបតែចូលលេងបាន៨លើកប៉ុណ្ណោះក្នុង Premier League ដោយចាប់ផ្ដើមការប្រកួត៥ដង និងទើបរកបានគ្រាប់ទី១កាលពីថ្ងៃសៅរ៍មុន។

លោក Raiola ដែលជាភ្នាក់ងារដ៏មានឥទ្ធិពល បានប្រាប់សារព័ត៌មាន Tuttosport កាលថ្ងៃចន្ទទី៧ខែធ្នូឆ្នាំ២០២០ថា៖ «Paul មិនសប្បាយចិត្តទេ។ គាត់លែងអាចបង្ហាញពីខ្លួនគាត់ដូចដែលគាត់ចង់និងដូចការរំពឹងទុកពីគាត់ទៀតហើយ។ គាត់ត្រូវតែប្ដូរក្រុម។ គាត់ត្រូវតែផ្លាស់ប្ដូរបរិយាកាស»។

ភ្នាក់ងារជនជាតិហុល្លង់ដែលធ្វើការជាមួយតារាល្បីៗដូចជា Zlatan Ibrahimovic និង Romelu Lukaku ជាដើមនេះ បន្ថែមថា៖ «គាត់នៅសល់កុងត្រាដែលនឹងផុតកំណត់ក្នុងពេល១ឆ្នាំកន្លះទៀត ប៉ុន្តែខ្ញុំគិតថាដំណោះស្រាយល្អបំផុតសម្រាប់ភាគីទាំងឡាយគឺលក់គាត់ចេញនៅក្នុងទីផ្សារដោះដូរបន្ទាប់»។

លោកក៏បានសង្កត់ធ្ងន់ផងដែរថា Pogba គ្មានបំណងបន្តកិច្ចសន្យាថ្មីជាមួយ Man Utd ទេ។ លោកបន្តថាពេលវេលារបស់ Pogba នៅ Man Utd គឺអស់ហើយ ដូច្នេះគួរនិយាយគ្នាឱ្យច្បាស់ៗត្រង់ទៅត្រង់មក កុំខ្ជះខ្ជាយពេលវេលា ហើយសម្លឹងឆ្ពោះទៅមុខ។

សូមរំឭកថា Pogba បានវិលពី Juventus មក Man Utd វិញក្នុងឆ្នាំ២០១៦ ជាមួយតម្លៃផ្ទេរ៨៩លានផោន ក្នុងសម័យលោក Jose Mourinho ជាអ្នកចាត់ការ។

Pogba ធ្លាប់និយាយជាសាធារណៈរួចមកហើយអំពីបំណងរបស់គេក្នុងការលេងឱ្យ Real Madrid។
ក្នុងខែវិច្ឆិកាកន្លងទៅ គ្រូបង្គោលបារាំង Didier Deschamps ក៏បាននិយាយដែរថា Pogba មិនអាចរីករាយបានឡើយចំពោះស្ថានភាពរបស់គេនៅ Man Utd បច្ចុប្បន្ន។

រដូវកាលមុន Pogba លេងឱ្យ Man Utd បានតែ២២លើកប៉ុណ្ណោះ ដោយសាររបួសកជើងរារាំងការបង្ហាញខ្លួន៕