ក្រុមជម្រើសជាតិស្កុតឡែន បានបញ្ចប់កំណត់ត្រាមិនបរាជ័យត្រឹម៩ប្រកួតជាប់គ្នា នៅក្រោមថ្វីជើងរបស់ ស្លូវ៉ាគី នៅក្នុងការប្រកួត UEFA Nations League ក្នុងលទ្ធផល ១-០ នៅថ្ងៃទី ១៦ខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្នុងការប្រកួតនេះ ជម្រើសដំបូង៨រូប របស់ក្រុមស្កុតឡែនដែលយកឈ្នះលើស៊ែបី នៅជំនួបវគ្គ play-off EURO 2020 មិនស្ថិតនៅក្នុងចំណោមជម្រើស១១នាក់ក្នុងការប្រកួតចុងសប្ដាហ៍នេះទេ ហើយជាលទ្ធផលពួកគេត្រូវបរាជ័យ ដោយគ្រាប់បាល់តែមួយគ្រាប់គត់របស់ ខ្សែបម្រើ Jan Gregus សម្រាប់ស្លូវ៉ាគី។
ទោះយ៉ាងណាក្ដី ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Steve Clarke នៅតែមានឱកាសឈរនៅកំពូលតារាងនៃពូល B2 ប្រសិនបើពួកគេអាចយកឈ្នះ អ៊ីស្រាអែលនៅថ្ងៃពុធសប្ដាហ៍ក្រោយ ហើយប្រសិនបើស្កុតឡែនបញ្ចប់លទ្ធផលដោយពិន្ទុស្មើគ្នាជាមួយ សាធារណរដ្ឋឆែក ពួកគេក៏នៅតែឈរកំពូលតារាង ដោយផ្អែកលើលទ្ធផល head-to-head។
ទោះមិនអាចតាមស្មើកំណត់ត្រាមិនបរាជ័យ១០ប្រកួតជាប់គ្នា ប៉ុន្ដែស្កុតឡែនបានឈានទៅកាន់ជុំចុងក្រោយសម្រាប់ការប្រកួត EURO 2020 ក្រោយឈ្នះស៊ែប៊ី នៅក្នុងវគ្គ play-off ដោយការស៊ុតបាល់១១ម៉ែត្រកាត់សេចក្ដី៕