Skip to content
Van De Beek ចាកចេញពីទីលានទាំងទឹកភ្នែកក្នុងជំនួបជាមួយBournemouth
    ទំព័រដើម  »  កីឡាអន្តរជាតិ

Van De Beek ចាកចេញពីទីលានទាំងទឹកភ្នែកក្នុងជំនួបជាមួយBournemouth

Donny van de Beek ខ្សែបម្រើក្លិប Manchester United បានចាកចេញពីទីលានប្រកួតទាំងទឹកភ្នែក បន្ទាប់ពីទទួលរងរបួសជង្គង់ខាងស្ដាំ ការប្រកួតក្នុងក្របខណ្ឌ Premier Leagueជាមួយក្លិប Bournemouth កាលពីយប់ថ្ងៃអង្គារទី៣ ខែមករាឆ្នាំ ២០២៣ នៅទឹកដី old Trafford ។

ខ្សែបម្រើវ័យក្មេង សញ្ជាតិហូឡង់រូបគេ ទើបតែបានបង្ហាញខ្លួនជាប់ជម្រើសដំបូងក្នុងក្របខណ្ឌ Premier League នារដូវកាលនេះឲ្យManchester United បានតែពីរលើកប៉ុណ្ណោះ Van de Beek ត្រូវបានបង្ខំចិត្តផ្លាស់ប្តូរចេញនៅចុងបញ្ចប់នៃតង់ទី១ បន្ទាប់ពី Marcos Senesi បានរអិលជើងរទៅប៉ះទង្គិចជាមួយជើងខាងស្ដាំ ផ្នែកជង្គង់របស់Donny van de Beek។

អតីតកីឡារករ Ajax វ័យ ២៥ ឆ្នាំរូបនេះ បានស្រែកយំដោយភាពសោកសៅ ខណៈមិត្តរួមក្រុម និង កីឡាករBournemouth ក៏បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលចំពោះស្ថានភាពធ្ងន់ធ្ងររបួសរបស់Donnyផងដែរ។

សម្រាប់ស្ថានភាពរបស់ Van de Beek បច្ចុប្បន្នអ្នកចាត់ការ Manchester United លោក Erik ten Hag បានចេញមកបញ្ជាក់ផងដែលថា “យើងត្រូវរង់ចាំមើលការពិនិត្យ និង តាមដានដោយគ្រូពេទ្យក្នុងរយៈពេល ២៤ ម៉ោងសិន”

គួរបញ្ជាក់ផងដែរថា Van de Beek ត្រូវបានក្លិប Manchester United ចុះហត្ថលេខានាំយករូបគេ ពីក្លិប Ajax របស់ប្រទេសហូឡង់ ក្នុងតម្លៃខ្លួន ៤០ លានផោន តែសម្រាប់រដូវកាលនេះវិញ Donny បង្ហាញខ្លួនឲ្យក្លិបបានតែ ១៦២នាទី ប៉ុណ្ណោះ សម្រាប់របួសជង្គង់រូបគេហាក់ដូចត្រូវចំណាយពេលយូរក្នុងការព្យាបាល និង ដើម្បីពេញលេញក្នុងការត្រលប់មកកាន់ទីលានវិញ។

ចំពោះលទ្ធផលនៃការប្រកួតក្រុមវិញ Manchester United បានយកឈ្នះក្រុម Bournemouth ក្នុងលទ្ធផល ៣ទល់នឹង០ ដែល៣គ្រាប់របស់ក្រុមបិសាចក្រហម រកបានដោយ Casemiro នៅក្នុងនាទីទី២៣ និងចូលមកដល់វគ្គទី២ Luke Shaw បានបន្ថែមការនាំមុខ១ គ្រាប់ទៀត ក្នុងនាទីទី៤៩ មុននឹងបញ្ចប់វគ្គទី២ ទៅហើយ Marcus Rashford បានរកគ្រាប់ទី៣ ឲ្យ Manchester United នៅនាទីទី៨៦ ដោយទទួលបាល់យ៉ាងល្អពី Bruno Fernandes។

សម្រាប់តារាងចំណាត់ថ្នាក់ក្រុមManchester United ក្នុងក្របខណ្ឌPremier League បច្ចុប្បន្នវិញ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៤ មាន៣៥ ពិន្ទុ តាមពីក្រោយ ក្រុម Newcastle United លេខ៣ មាន៣៥ ពិន្ទុដូចគ្នា តែបិសាចក្រហមកំពុងមាន ១ប្រកួតនៅក្នុងដៃ ខណៈក្រុមManchester City ស្ថិតនៅចំណាត់ថ្នាក់លេខ២ មាន៣៦ ពិន្ទុ ដោយមាន២ ប្រកួតនៅក្នុងដៃ ចំណែក Arsenal កំពុងកាន់កាប់កំពូលតារាង មាន៤៤ ពិន្ទុ បន្ទាប់ពីឆ្លងកាត់ការប្រកួតអស់១៧សប្ដាហ៌៕