បើយោងទៅតាមវិបសាយ VNexpress International ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Cup 2022 រវាងក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី និងក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម នៅថ្ងៃសុក្រទី៦ ខែមករា ឆ្នាំ ២០២៣ ត្រូវបានប្ដូរម៉ោងការប្រកួតពី៧:៣០នាទីយប់ មក៤:៣០នាទីល្ងាចវិញ ក្នុងការរឹតបន្តឹងផ្នែកសន្តិសុខ ធ្វើយ៉ាងណាធានាសុវត្តិភាពដល់ការប្រកួត ហើយ FIFA នឹងបញ្ជូនមន្ត្រីជំនាញដើម្បីត្រួតពិនិត្យការប្រកួតនៅក្នុងកីឡដ្ឋានGelora Bung Karno Stadium ប្រទេសឥណ្ឌូណេស៊ី។
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA នឹងបញ្ជូនបុគ្គលិកដែលមានបទពិសោធន៍ទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីតាមដានការប្រកួត ហើយ សហព័ន្ធកីឡាបាល់ទាត់អាស៊ីវិញនឹងបញ្ជូនមន្ត្រីសន្តិសុខមួយរូប និង អគ្គសម្របសម្រួលការប្រកួតចំនួនពីររូបជំនួសឲ្យការប្រកួតធម្មតា ដែលមិនធ្លាប់មានពីមុនមកសម្រាប់ការប្រកួតបាល់ទាត់អាស៊ីអាគ្នេយ៍។
ការប្រុងប្រយ័ត្នត្រូវបាននេះធ្វើឡើង ចាប់តាំង ពីពេល ថ្មីៗកន្លងទៅ ក្នុងកីឡដ្ឋាន Kanjuruhan ប្រទេស ឥណ្ឌូណេស៊ី មនុស្ស ១៣០ នាក់ បាន ស្លាប់ ក្នុង ការ រត់ ជាន់ គ្នា អំឡុង ពេល ការ ប្រកួតរវាង Arema FC និង Persebaya Surabaya ។ ចំណែកហេតុការណ៍មួយទៀតបានកើតឡើងនៅថ្ងៃទី ២៩ ខែធ្នូ រថយន្តក្រុងដឹកក្រុមបាល់ទាត់ជម្រើសជាតិថៃទៅកាន់កីឡដ្ឋាន Gelora Bung Karno ដែលជាកន្លែងនឹងរៀបចំការប្រកួតរវាងវៀតណាម និងឥណ្ឌូនេស៊ី ត្រូវបានឡោមព័ទ្ធ គំរាមកំហែង និងវាយទៅលើឡានក្រុងដឹកកីឡាករជម្រើសជាតិថៃពីសំណាក់អ្នកគាំទ្រឥណ្ឌូនេស៊ីជាច្រើន។
អ្នកនាំពាក្យសហព័ន្ធកីឡាបាល់ទាត់វៀតណាមបាននិយាយថា “ការធានាសន្តិសុខ និងសុវត្ថិភាពនៃការប្រកួត ព្រមទាំងសុវត្តិភាពដល់ក្រុមភ្ញៀវគឺជាការទទួលខុសត្រូវរបស់ម្ចាស់ផ្ទះ។ យើងបានស្នើឱ្យសហព័ន្ធបាល់ទាត់អាស៊ាន និងអ្នករៀបចំការប្រកួតពង្រឹងសន្តិសុខ”។
ក្នុងពានរង្វាន់ AFF Cup 2022 នេះក្រុមដែលបានឡើងទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួមមាន ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ក្រុមបាល់ទាត់ជម្រើសជាតិថៃ ក្រុមទាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី និងក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី។ ក្នុងការប្រកួតជើងទី១ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី ត្រូវជួបជាមួយក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម នៅថ្ងៃទីសុក្រទី០៦ ខែមករា ឆ្នាំ២០២៣ នៅក្នុងកីឡដ្ឋាន Gelora Bung Karno Stadium ចំណែកក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ជួបជាមួយក្រុមបាល់ទាត់ជម្រើសជាតិថៃនៅថ្ងៃសៅរ៍ទី០៧ ខែមករាឆ្នាំ២០២៣ នៅក្នុងកីឡដ្ឋាន Bukit Jalil National Stadium រីឯជើងទី២នឹងធ្វើការប្រកួតផ្លាស់ប្ដូទឹកដីវិញម្ដង ពោលធ្វើឡើងនៅថ្ងៃទី០៩ និងទី១០ ខែមករា ឆ្នាំ២០២៣។សម្រាប់វគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF Cup 2022 នេះនឹងធ្វើឡើងចំនួន២ ជើងដូចគ្នាពោលធ្វើឡើងនៅថ្ងៃទី១៣ និង ១៦ ខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ ។ ចំណែកឯ កីឡាករដែលរកគ្រាប់បាល់បញ្ចូលទីច្រើនជាងក្នុងការប្រកួតAFF Cup 2022 បណ្ដុះអាសន្ននោះគឺ Teerasil Dangda របស់ក្រុមបាល់ទាត់ជម្រើសជាតិថៃដែលកំពុងមានចំនួន ៥គ្រាប់នៅក្នុងដៃ៕