Skip to content
ក្រុមដំរីសឹកថៃបង្កើតកំណត់ត្រាក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍
    ទំព័រដើម  »  កីឡាអន្តរជាតិ

ក្រុមដំរីសឹកថៃបង្កើតកំណត់ត្រាក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍

ចាប់តាំងពីឆ្នាំ១៩៩៦ដែលបង្កើតពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៏មក រហូតមកដល់ឆ្នាំ២០២២ នេះជាលើកទី១៤ ហើយក្រុមបាល់ទាត់ជម្រើសជាតិថៃបានឡើងដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី១០។នៅក្នុងចំណោម៩លើកចុងក្រោយ ដែលក្រុមបាល់ទាត់ជម្រើសជាតិថៃឈានមកដល់វគ្គផ្ដាច់ព្រ័ត្រ ក្នុងនោះក្រុមជម្រើសជាតិថៃទទួលបានជើងឯកចំនួន៦ លើករួចមកហើយ។

ដំណើរមកកាន់វគ្គផ្ដាច់ព្រ័ត្រក្រុមបាល់ទាត់ជម្រើសជាតិថៃក្នុងពានរង្វាន់ AFF Cup 2022 នេះក្រុមថៃស្ថិតនៅក្នុងពូលA ដែលមាន កម្ពុជា ឥណ្ឌូណេស៊ី ប្រ៊ុយណេ ហ្វីលីពីន និងថៃ ។ ឆ្លងកាត់ការប្រកួតចំនួន៤លើកនៅក្នុងពូល ក្រុមបាល់ទាត់ជម្រើសជាតិថៃ ឈ្នះ៣ ស្មើ១ មាន១០ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ១ នៅក្នុងពូលA ។ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រុមបាល់ទាត់ជម្រើសជាតិថៃលេខ១ពូលA ត្រូវជួបក្រុមម៉ាឡេស៊ី ដែលជាក្រុមលេខ២ ស្ថិតក្នុងពូលB។ ក្រោយឆ្លងកាត់ការប្រកួតចំនួន២ជើងកន្លងទៅ។ ជើងទី១ ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី បានយកឈ្នះបាល់ទាត់ជម្រើសជាតិថៃក្នុងលទ្ធផល ១ទល់នឹង០ នៅក្នុងកីឡដ្ឋាន Bukit Jalil National Stadium ។ ចូលមកដល់ជើងទី២ នៅក្នុងកីឡដ្ឋាន Thammasat Stadium ក្រុមម្ចាស់ផ្ទះថៃបានវាយបកឈ្នះក្រុមជម្រើសជាតិម៉ាឡេស៊ីក្នុងលទ្ធផល៣ទល់នឹង០។ សរុបលទ្ធផលទាំង២ជើង ក្រុមដំរីសឹកថៃឡើងទៅវគ្គផ្តាច់ព្រ័ត្រឈ្នះក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ៣ទល់នឹង១។

កំណត់ត្រាក្រុមបាល់ទាត់ជម្រើសជាតិថៃបានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រចំនួន៩លើកហើយក្នុងពានរង្វាន់ AFF Cup ក្នុងនោះគ្រងជើងឯកចំនួន៦លើក ពោលនៅក្នុងឆ្នាំ ១៩៩៦, ២០០០, ២០០២, ២០១៤, ២០១៦ ចុងក្រោយនៅឆ្នាំ២០២០ និងជាជើងឯករងនៅឆ្នាំ ២០០៧, ២០០៨ និងឆ្នាំ ២០១២។

គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិថៃក្នុងនាមជាអតីតជើងឯក ការពារតំណែងជើងឯកបាន ២លើកជាប់ៗគ្នារួចមកហើយ ពោលធ្លាប់ធ្វើបាននៅក្នុងឆ្នាំ ២០០០ ដល់ ២០០២ និង ២០១៤ ដល់ ២០១៦ ។ ប្រសិនបើក្រុមអាចការពារជើងឯកបានក្នុងឆ្នាំ២០២២ នេះបាន មានន័យថាក្រុមថៃនឹងបង្កើតកំណត់ត្រាបន្ថែមទៀត ក្នុងនាមជាក្រុមការពារតំណែងជើងឯក ជាលើកទី៣ ក្នុងពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFF Cup ឆ្នាំ២០២២ ក្រុមបាល់ទាត់ជម្រើសជាតិថៃត្រូវជួបជាមួយក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបន្ទាប់ពីក្រុមឥណ្ឌូណេស៊ីចាញ់ក្រុមវៀតណាមសរុបទាំងពីរជើងក្នុងលទ្ធផល ២ទល់នឹង០ ។ ការបរិច្ឆេទជើងទី១ ក្រុមបាល់ទាត់ជម្រើសជាតិរៀតណាមនឹងបើកកីឡដ្ឋានMy Dinh Stadium ទទួលស្វាគមន៍ក្រុមបាល់ទាត់ជម្រើសជាតិថៃនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៧:៣០នាទីយប់ រីឯជើងទី២នឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣ នៅក្នុងកីឡដ្ឋានThammasat Stadium នាទឹកដីក្រុមបាល់ទាត់ជម្រើសជាតិថៃ វេលាម៉ោង៧:៣០នាទីយប់វិញម្ដង។ ចំពោះតារាងកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងពានរង្វាន់ AFF Cup 2022 គិតត្រឹមវគ្គផ្ដាច់ព្រ័ត្រនេះគឺ Teerasil Dangda ក្រុមជម្រើសជាតិថៃ កំពុងឈរកំពូលតារាងដែលមាន៦ គ្រាប់នៅក្នុងដៃ តាមពីក្រោយដោយ កីឡាករវៀតណាម Nguyễn Tiến Linh មាន៥ គ្រាប់ ខណៈ Faisal Halim របស់ម៉ាឡេស៊ីមាន៤ គ្រាប់ តែរូបគេអស់ឱកាសទៅវគ្គបន្តហើយ។