បន្ទាប់ពីខ្សែបម្រើឆ្នើម Kevin de Bruyne ប្រកាសចាកចេញនាដំណាច់រដូវកាលនេះ ក្លឹប Manchester City កំពុងសម្លឹងឃើញកីឡាករឆ្នើមវ័យក្មេងអាល្លឺម៉ង់មួយរូប មកជំនួសកន្លែងរបស់កីឡាករបែលហ្ស៊ិក។
De Bruyne វ័យ៣៣ឆ្នាំ ទទួលបានភាពជោគជ័យក្នុងអាជីពកីឡាករបាល់ទាត់ តាំងពីផ្លាស់មកចូលរួម Man City ពីក្លឹបអាល្លឺម៉ង់ Wolfsburg ដោយគេបានរួមចំណែកជួយក្រុមមានមូលដ្ឋានក្នុងទីក្រុង Manchester ឈ្នះពានធំៗ១៤ រួមមាន Premier League ៦លើក និង UEFA Champions League ម្ដងនាឆ្នាំ២០២៣។
កីឡាករជម្រើសជាតិបែលហ្ស៊ិករូបនេះបានប្រកាសកាលពីថ្ងៃសុក្រថា គេនឹងចាកចេញពីទឹកដី Etihad បន្ទាប់ពីរួមរស់នៅទីនោះអស់រយៈពេល១០ឆ្នាំ ខណៈកិច្ចសន្យារបស់គេនឹងផុតសុពលភាពនាដំណាច់ខែមិថុនាខាងមុខ ប៉ុន្ដែមិនទាន់មានការបញ្ជាក់នោះទេថា គេនឹងបន្ដនៅជាកីឡាកររបស់ក្រុមមេឃខៀវ សម្រាប់ការចូលរួម FIFA Club World Cup ដែលធ្វើឡើងចន្លោះពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ឬយ៉ាងណាទេ។
យោងតាមប្រភពពី Daily Mail បានរាយការណ៍ថា ក្លឹប Man City បានសម្លឹងឃើញខ្សែបម្រើអាល្លឺម៉ង់ Florian Wirtz ជាបេក្ខភាពសក្ដានុពល ក្នុងការមកជំនួសកន្លែងរបស់ De Bruyne ខណៈកីឡាករវ័យ២១ឆ្នាំកំពុងសាងភាពលេចធ្លោនៅក្លឹប Bayer Leverkusen។
Wirtz ទទួលបានការចាប់អារម្មណ៍ពីសមត្ថភាពរបស់គេតាំងពីនៅជាយុវជន រហូតត្រូវបានតម្លើងទៅក្រុមធំ ហើយគេបានរួមចំណែកជួយ ក្រុមបង្វឹកដោយលោក Xabi Alonso ឈ្នះជើងឯក Bundesliga ដោយមិនបរាជ័យក្នុងរដូវកាល ២០២៣-២៤។
គិតចាប់តាំងពីដើមរដូវមុនមក Wirtz បានរួមចំណែកឱ្យមានគ្រាប់បាល់៤១គ្រាប់ ពីការបង្ហាញខ្លួន៥៧លើក ហើយគេទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗនានារួមមាន Real Madrid ផងដែរ៕