Tottenham Hotspur បានវាយបកយកឈ្នះក្រុមបាតតារាងលីគទី២អង់គ្លេស Wycombe Wanderers ដោយលទ្ធផល ៤-១ ក្នុងការប្រកួតជុំទី៤ FA Cup កាលពីថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១។
Gareth Bale រកគ្រាប់បាល់តាមស្មើឱ្យ Spurs នៅនាទីទី៤៥+២ ពីការបញ្ជូនដោយ Lucas Moura បន្ទាប់ពីត្រូវបានក្រុមម្ចាស់ផ្ទះ Wycombe នាំមុខនៅនាទីទី២៥។
Harry Winks រកគ្រាប់បាល់នាំមុខឱ្យក្រុមមាន់ខ្នាយមាស នៅនាទីទី៨៦ ហើយ Tanguy Ndombele ដែលប្ដូរចូលជំនួស Erik Lamela រកបានពីរគ្រាប់បន្ថែមនៅនាទី៨៧ និង ៩០+៣។
ស្ថិតិ និង កំណត់ត្រានៃការប្រកួតនេះ៖
- Tottenham ឈានទៅវគ្គបន្ទាប់ ក្នុងការប្រកួត FA Cup ២១លើក ក្នុងចំណោម២២ប្រកួត ក្នុងជំនួបជាមួយក្រុមដែលលេងនៅលីគក្រោមពួកគេ។
- ត្រឹម២៦ប្រកួតនៅរដូវកាលនេះ Wycombe បរាជ័យ១៥លើកទៅហើយ។ នេះជាស្ថិតិគួរឱ្យព្រួយបារម្ភ បើធៀបទៅនឹងរដូវកាលមុន ពួកគេចាញ់តែ១២លើកប៉ុណ្ណោះ ពីការលេងសរុប៤៣ប្រកួត។
- Gareth Bale បានចូលរួមចំណែកបង្កើតគ្រាប់បាល់បាន៩គ្រាប់ ពីការបង្ហាញខ្លួននៅជម្រើស១១នាក់ដំបូង៦លើកនៅ FA Cup ឱ្យ Tottenham ហើយគ្រាប់បាល់កាលពីយប់មិញ ជាគ្រាប់បាល់ដំបូងដែលគេរកបាននៅក្នុងការប្រកួតពាននេះ ចាប់តាំងពីខែមករា ឆ្នាំ២០១៣។
- Harry Winks រកគ្រាប់បាល់បាន២គ្រាប់ ពីការចូលលេង៩លើកឱ្យ Spurs គ្រប់ការប្រកួត ដែលស្មើនឹងចំនួនគ្រាប់បាល់ដែលគេរកបាន ក្នុងចំណោមការចូលលេង ១៥១លើកដំបូងឱ្យក្រុមមាន់ខ្នាយមាស។
- Lucas Moura រួមចំណែកបង្កើតគ្រាប់បាល់បាន១០គ្រាប់ ពីការបង្ហាញខ្លួនក្នុងជម្រើសដំបូងនៅ FA Cup ដោយរកគ្រាប់បាល់បាន ៤គ្រាប់ និង assist ៦លើក ជាចំនួនច្រើនជាងកីឡាករ Spurs ដទៃទៀត បើគិតចាប់តាំងពីកាលគេបង្ហាញខ្លួនលើកដំបូងនៅខែកុម្ភៈ ឆ្នាំ២០១៨។
- Tanguy Ndombele ក្លាយជាកីឡាករបម្រុងប្ដូរចូល ដែលអាចរកគ្រាប់បាល់បាន២គ្រាប់ ក្នុងការប្រកួតឱ្យ Tottenham ចាប់តាំងពី Roman Pavlyuchenko ធ្លាប់ធ្វើបានកាលពីខែឧសភា ឆ្នាំ ២០១១។
ក្រុមដែលត្រូវជួបប្រកួតតទល់គ្នានៅជុំទី៥ FA Cup៖
- Burnley vs. Bournemouth ឬ Crawley Town
- Manchester United vs. West Ham United
- Wolves vs. Southampton
- Barnsley vs. Chelsea
- Everton vs. Tottenham Hotspur
- Swansea City vs. Manchester City
- Leicester City vs. Brighton & Hove Albion