Skip to content
ចំណុចសំខាន់គម្រោងការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្ម
    ទំព័រដើម  »  កីឡាជាតិ

ចំណុចសំខាន់គម្រោងការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្ម

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំសន្និសីទសារព័ត៌មាន គម្រោងសាមគ្គីអូឡាំពិក ស្តីពី ការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្ម ឆ្នាំ២០២២-២០២៣ នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣។

សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្មនេះ គឺជាគម្រោងអភិវឌ្ឍសហព័ន្ធកីឡាជាតិសម្រាប់ប្រភេទកីឡាអូឡាំពិក ក្រោមជំនួយឧបត្ថម្ភរបស់អង្គការសាមគ្គីអូឡាំពិកតាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយសហការបច្ចេកទេសជាមួយស្ថាប័នអត្តពលកម្មពិភពលោក World Athletics និងសហព័ន្ធខ្មែរកីឡាអត្តពលកម្ម។

គោលបំណងនៃការរៀបចំគម្រោងនេះ គឺដើម្បីឱ្យគណៈកម្មាធិការជាតិអូឡាំពិកធ្វើការអភិវឌ្ឍ និងពង្រឹងរចនាសម្ព័ន្ធនៃការបង្វឹកជាមូលដ្ឋាន និងប្រព័ន្ធគ្រប់គ្រងសហព័ន្ធ កីឡាជាតិ តាមរយៈការដាក់ចេញនូវផែនការសកម្មភាព ការបណ្តុះបណ្តាល រយៈពេលមធ្យម ឬ រយៈពេលវែងសម្រាប់ប្រភេទកីឡាដែលមានក្នុងកម្មវិធីការប្រកួតកីឡាអូឡាំពិក។ ដោយឡែក សម្រាប់ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសហការជាមួយអត្តពលកម្មពិភពលោក និងសហព័ន្ធខ្មែរកីឡាអត្តពលកម្មក្នុងការបន្តអនុវត្តគម្រោងនេះ ដោយបានចាត់ លោក Oliver Scheer ជំនាញការមកពីស្ថាប័នអត្តពលកម្មពិភពលោក ដែលគម្រោងនេះមានរយៈពេល ១ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០២៣ ។


សម្រាប់គម្រោងការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្មអនុវត្តតាមកម្មវិធី ដូចខាងក្រោម៖

 លោក Oliver Scheer ជំនាញការអត្តពលកម្មពិភពលោកធ្វើទស្សនៈកិច្ចលើកទី២ ចាប់ពីថ្ងៃទី២៦ ដល់ ៣១ ខែមករា ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីរៀបចំសិក្ខាសាលាស្តីពីវាយតម្លៃរចនាសម្ព័ន្ធ/យុទ្ធសាស្ត្រគម្រោង និងរៀបចំប្រព័ន្ធនៃការបង្វឹក ដោយសហការជាមួយសហព័ន្ធ។


 ត្រួតពិនិត្យផែនការយុទ្ធសាស្រ្ត រចនាសម្ព័ន្ធគ្រប់គ្រង គោលនយោបាយកីឡា និងអភិបាលកិច្ចល្អ ទម្រង់បណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ។

 រៀបចំផែនការគ្រប់គ្រងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។

 សិក្សារចនាសម្ព័ន្ធគ្រប់គ្រង និងរៀបចំផែនការបណ្តុះបណ្តាលគ្រូបង្វឹក ។

 រៀបចំផែនការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានអត្តពលិកវ័យក្មេង ។

 រៀបចំសិក្ខាសាលា ស្តីពី ការអនុវត្តផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រ ២០២៣ – ២០៣០ ។


ក្រោយពីបញ្ចប់គម្រោងដ៏មានសារៈសំខាន់នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសង្ឃឹមជឿជាក់ថា សហព័ន្ធ នឹងមានផែនការអភិវឌ្ឍកីឡាអត្តពលកម្មរបស់ខ្លួនដែលមានលក្ខណៈវិទ្យាសាស្រ្តស្របតាមស្តង់ដាអត្តពលកម្មពិភពលោកសម្រាប់យកទៅអភិវឌ្ឍកីឡារបស់ខ្លួនឱ្យក្លាយជាកីឡាដ៏មានប្រជាប្រិយភាព និងសក្តានុពលនៅកម្ពុជានាពេលអនាគត។