កីឡាករកម្ពុជា ស៊ូ បាលី បានយកឈ្នះកីឡាករម៉ុងហ្គោលី ដោយលទ្ធផល៦ទល់នឹង១ ឈានទៅក្រសោបយកមេដាយសំរឹទ្ធចំបាប់ជើងឯកអាស៊ីអាយុក្រោម២៣ឆ្នាំ ក្នុងប្រទេសកៀរហ្ស៊ីស៊ីស្ថាន នៅរាត្រីថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ នេះ។
កូនខ្មែរអ៊ីរ៉ង់ខាងលើដណ្ដើមបានចំណាត់ថ្នាក់លេខ៣នេះ ក្នុងប្រភេទទម្ងន់១២៥គីឡូក្រាម វិញ្ញាសាសេរី។
ទោះជាមេដាយសំរឹទ្ធមែន ក៏ជាសមិទ្ធផលដ៏គាប់ចិត្តសម្រាប់កម្ពុជា ព្រោះព្រឹត្តិការណ៍សម្បូរដោយជើងខ្លាំងប្រចាំតំបន់អាស៊ីតែម្ដង។
មុនឡើងមកកាន់វគ្គដណ្ដើមមេដាយសំរឹទ្ធនេះ ស៊ូ បាលី បានទម្លាក់កីលាករម្ចាស់ផ្ទះកៀរហ្ស៊ីស៊ីស្ថាន ក្នុងវគ្គ៨នាក់ មុនចាញ់កីឡាករតួកមេនីស្ថានក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
គួរដឹងដែរថា កីឡាករកម្ពុជា២រូប និងកីឡាការិនីកម្ពុជា២រូបដែលសុទ្ធតែម្ចាស់មេដាយមាស មេដាយសំរឹទ្ធស៊ីហ្គេម២០២៣បានចូលរួមព្រឹត្តិការណ៍កីឡាចំបាប់ជើងឯកអាស៊ី U23 នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន។ ក្នុងនោះមាន៣នាក់ជាម្ចាស់មេដាយមាសស៊ីហ្គេមដូចជា ម៉ូ សារី, ស៊ូ បាលី និង ជា កញ្ញា ។ មេដាយសំរឹទ្ធស៊ីហ្គេម គឺកីឡាការិនី ជឿន ស្រីឡែន។
ដូច្នេះកម្ពុជាទទួលបានមេដាយសំរឹទ្ធមួយគ្រឿង ដែលឈ្នះដោយកីឡាករ ស៊ូ បាលី ខណៈមិត្តរួមជាតិ៣រូបទៀតមិនទទួលបានលទ្ធផលវិជ្ជមានឡើយ៕