Skip to content
ម្ចាស់មេដាយ World Police កម្ពុជា បានប្រាក់រង្វាន់ស្មើអត្តពលិកជាតិនៅស៊ីហ្គេម
    ទំព័រដើម  »  កីឡាជាតិ

ម្ចាស់មេដាយ World Police កម្ពុជា បានប្រាក់រង្វាន់ស្មើអត្តពលិកជាតិនៅស៊ីហ្គេម

ម្ចាស់មេដាយនីមួយៗរបស់ក្រុមកីឡាករកីឡាការិនីកម្ពុជាពីការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក ឆ្នាំ២០២៣ នៅក្រុង Winnepeg ប្រទេសកាណាដា នឹងទទួលបានប្រាក់រង្វាន់តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដូចគ្នាទៅនឹងចំនួនប្រាក់រង្វាន់អត្តពលិកកម្ពុជាដែលបានឈ្នះមេដាយនៅស៊ីហ្គេមដែរ។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

ឯកឧត្ដម សរ សិទ្ធិ មានប្រសាសន៍បែបនេះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រឹកថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០២៣ ក្រោយវិលពីដឹកនាំប្រតិភូ អត្តពលិកកីឡាក្រសួងមហាផ្ទៃចូលរួមការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក ឆ្នាំ២០២៣។ ក្នុងការប្រកួតនៅប្រទេសកាណាដានេះ ក្រុមកីឡានគរបាលជាតិកម្ពុជាទទួលបានមេដាយសរុប ក្នុងនោះមានមេដាយមាស ៣៣ ប្រាក់ ២៩ និងសំរឹទ្ធ ៩គ្រឿង។

ឯកឧត្ដម សរ សិទ្ធិ សង្កត់ធ្ងន់ថា ផ្លែផ្កានេះបានធ្វើឱ្យគេកាន់តែស្គាល់ពីកម្ពុជា និងកងកម្លាំងនគរបាលកម្ពុជាថែមទៀត។

ឯកឧត្ដម សរ សិទ្ធិ បន្ថែមថា ក្រុមកីឡាក្រសួងមហាផ្ទៃនឹងបន្តចូលរួមការប្រកួតលើកក្រោយៗទៀត ហើយនឹងព្យាយាមពង្រឹងសមត្ថភាពយកមេដាយកាន់ច្រើនជូនជាតិមាតុភូមិ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូន ប្រតិភូ និងអត្តពលិកជានគរបាលជាតិកម្ពុជាសរុប ៤៨នាក់ លើ ១៣ប្រភេទកីឡា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោកខាងលើ កាលពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣។ តាមអនុក្រឹត្យពីរាជរដ្ឋាភិបាល ម្ចាស់មេដាយមាស World Police កម្ពុជាទទួលបានប្រាក់រង្វាន់៤០លានរៀល, ប្រាក់៣០លានរៀល និងសំរឹទ្ធ១៦លានរៀល៕