ខ្សែការពារ ឈួន រក្សា មកពីវិទ្យាល័យព្រែកលៀបចាត់ទុកក្រុមជើងឯកចាស់វិទ្យាល័យព្រះស៊ីសុវត្ថិថាជាក្រុមដែលគ្រោះថ្នាក់បំផុតក្នុងពាន AIA ជើងឯកវិទ្យាល័យ។
ក្រុមបាល់ទាត់វិទ្យាល័យព្រែកលៀបឆ្លងផុតវគ្គជម្រុះហើយដណ្ដើមបានកៅអីចូលរួមក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យឆ្នាំ ២០២៣ បន្ទាប់ពីស្មើមួយប្រកួត និងឈ្នះមួយប្រកួត ឈរនៅកំពូលតារាងជម្រុះនៃពូល A នៃវគ្គជម្រុះ។
ខណៈក្រុមបាល់ទាត់វិទ្យាល័យព្រែកលៀបនឹងបង្ហាញវត្តមានជាលើកដំបូងក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យទោះជាយ៉ាងណាក្តីយុវជនមានប្រភពពីខណ្ឌជ្រោយចង្វាររូបនេះមានក្តីបារម្ភថាក្រុមបាល់ទាត់នៃវិទ្យាល័យព្រះស៊ីសុវត្ថិជាឧបសគ្គមួយក្នុងការចង់ឈ្នះពានរបស់ក្រុមរបស់ពួកគេ។
សូមរំឭកថា ក្នុងវគ្គជម្រុះដែលកន្លងទៅថ្មីៗនេះ មាន៥ក្រុមថ្មីចូលមកជម្រុះ ចែកជា២ពូល ពូល A មាន(វិទ្យាល័យទួលប្រាសាទសែនសុខ, វិទ្យាល័យជម្ពូវ័ន្ត, និងវិទ្យាល័យព្រែកលៀប) សម្រាប់ពូល B មាន(វិទ្យាល័យជ័យវរ្ម័នទី៧ និងវិទ្យាល័យព្រែកឯង)។
ជាលទ្ធផលវិទ្យាល័យព្រែកលៀបស្មើគ្នា ១-១ ជាមួយវិទ្យាល័យទួលប្រាសាទសែនសុខ, និងទទួលបានជ័យជំនះលើវិទ្យាល័យជម្ពូវ័ន្តក្នុងលទ្ធផល ៤-២ក្នុងប្រកួតទីពីរ, សម្រាប់លទ្ធផលនៃពូល B ដែលមានតែពីរក្រុមតម្រូវឱ្យពួកគេប្រកួតគ្នាពីរលើក ដោយក្នុងការប្រកួតដំបូងវិទ្យាល័យវិទ្យាល័យជ័យវរ្ម័នទី៧ និងវិទ្យាល័យព្រែកឯងបានត្រឹមស្មើគ្នាមួយទល់និងមួយ លុះប្រកួតទីពីរក្រុមវិទ្យាល័យជ័យវរ្ម័នទី៧បានយកឈ្នះលើក្រុមវិទ្យាល័យព្រែកឯងក្នុងលទ្ធផល ១-០។
នៅទីបញ្ចប់នៃវគ្គ្គជម្រុះ ក្រុមបាល់ទាត់វិទ្យាល័យព្រែកលៀប និងក្រុមបាល់ទាត់វិទ្យាល័យជ័យវរ្ម័នទី៧ ជាបេក្ខភាពឡើងចូលពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៣ ឆ្នាំ២០២៣ ដែលមានក្រុមដូចជា (វិទ្យាល័យព្រះស៊ីសុវត្ថិ, វិទ្យាល័យព្រែកលៀប, វិទ្យាល័យឥន្រ្ទទេវី, វិទ្យាល័យសាមគ្គី, វិទ្យាល័យប្ញស្សីកែវ, វិទ្យាល័យកោះដាច់, វិទ្យាល័យច្បារអំពៅ, វិទ្យាល័យបឹងត្របែក, វិទ្យាល័យពងទឹក, វិទ្យាល័យភ្នំពេញថ្មី, វិទ្យាល័យជ័យវរ្ម័នទី៧ និងសាលារៀនវ៉េស្ទឡាញន៍)៕