កីឡាការិនីវាយកូនបាល់ល្បីឈ្មោះអាមេរិក Venus Williams ដែលធ្លាប់កាន់ចំណាត់ថ្នាក់លេខ១ពិភពលោកកាលពី២១ឆ្នាំមុន បានធ្លាក់ពីព្រឹត្តិការណ៍ Cincinnati Open ក្រោមថ្វីដៃកីឡាការិនីចិន Zheng Qinwen ស្របពេលម្ចាស់ចំណាត់ថ្នាក់លេខ១លើលោកបច្ចុប្បន្នសញ្ជាតិប៉ូឡូញវ័យ២២ឆ្នាំ Iga Swiatek ក៏បានឡើងទៅជុំបន្តដែរ។
Venus វ័យ៤៣ឆ្នាំ បច្ចុប្បន្នមានចំណាត់ថ្នាក់ទី៥៣៣ពិភពលោក បាននាំមុខ៦-១ និង២-០មុនលើកីឡាការិនីចិនលំដាប់ទី២៤ពិភពលោក Zheng។ តែបន្ទាប់មក Venus បានចាញ់១១ហ្គេមជាប់គ្នា ហើយនៅទីបំផុតកីឡាការិនីវ័យ២០ឆ្នាំរបស់ចិនបានយកជ័យជម្នះដោយលទ្ធផល១-៦, ៦-២ និង៦-១។
ជ័យជម្នះនេះនាំ Zheng Qinwen ទៅវគ្គ១៦នាក់ចុងក្រោយ ដោយត្រូវតតាំងទល់នឹងកីឡាការិនីលំដាប់លេខ១ពិភពលោកបច្ចុប្បន្នគឺ Iga Swiatek របស់ប៉ូឡូញ។
Swiatek បានបង្ហាញភាពមុតស្រួចនៃសមត្ថភាពវាយកូនបាល់របស់នាង ដោយបានផ្ដួលកីឡាការិនីអាមេរិក Danielle Collins ដោយលទ្ធផល៦-១និង៦-០។ នេះជាការត្រៀមលក្ខណៈដ៏ល្អសម្រាប់ Swiatek ដែលជាម្ចាស់ជើងឯក French Open ៣ដង និងដែលត្រូវការពារជើងឯក US Open របស់ខ្លួនក្នុងវិញ្ញាសាវាយទោលនារី នៅចុងខែសីហានេះ។
ដោយឡែក គួរជម្រាបផងដែរថា Venus Williams ដែលជាបងស្រីរបស់ Serena Williams ធ្លាប់ឈ្នះពានរង្វាន់ខ្នាតធំ៧ដងក្នុងអាជីព ពេលនេះនឹងបន្តការត្រៀមលក្ខណៈដើម្បីបង្ហាញខ្លួនជាកំណត់ត្រាលើកទី២៤ក្នុងពានរង្វាន់ US Open ដែលនាងបានចូលប្រកួតដំបូងក្នុងឆ្នាំ១៩៩៧ និងបានឈ្នះជើងឯក២ដងក្នុងឆ្នាំ២០០០និង២០០១។
រីឯអតីតកីឡាការិនីវាយកូនបាល់លំដាប់ទី១ពិភពលោកជនជាតិដាណឺម៉ាក Caroline Wozniacki វ័យ៣៣ឆ្នាំ ដែលបានវិលមកបន្តអាជីពវិញក្រោយចូលនិវត្តន៍ក្នុងឆ្នាំ២០២០នោះ ក៏ទទួលបានសិទ្ធិអនុគ្រោះ (wildcards) ដើម្បីបានប្រកួត US Open ដូច Venus ដែរ។
US Open ដែលជាពានខ្នាតធំចុងក្រោយក្នុងចំណោមពានខ្នាតធំទាំង៤ប្រចាំឆ្នាំ នឹងចាប់ផ្ដើមនៅថ្ងៃទី២៨ខែសីហាឆ្នាំ២០២៣៕