ការប្រកួតបាលទាត់មិត្តភាពវ័យចាស់រវាង បឹងកេត និង វិសាខា កាលពីថ្ងៃសុក្រទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនៅទីលានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ត្រូវបានធ្វើឡើងក្នុងគោលបំណងលេងកីឡាដើម្បីសុខភាព ការបង្កើនមិត្តភាព និងចង់បង្កើតព្រឹត្តិការណ៍សប្បុរសធម៌ជួយសង្គមតាមរយៈបាល់ទាត់ផងដែរ។ នេះបើតាមការលើកឡើងពីសមាជិកក្រុមទាំងសងខាង។
ទន្ទឹមនឹងនេះ លោក មាស ចាន់ណា នាយកបច្ចេកទេសវិសាខាបានបង្ហាញអារម្មណ៍រីករាយពេលបានលេងជាមួយមិត្តរួមអាជីពចាស់ៗរួមជំនាន់ និងអ្នកជំនាន់ក្រោយ។
អ្វីគួរកត់សម្គាល់ទៅទៀតនោះ អតីតកីឡាករបាល់ទាត់ជម្រើសជាតិខ្មែរកំឡុងឆ្នាំ ២០០០ រូបនេះក៏បានបន្ថែមទៀតថា នៅថ្ងៃអនាគតអាចនឹងមានការប្រកួតលក្ខណៈសប្បុរសធម៌ដើម្បីប្រមូលថវិការជួយសង្គមជាតិ។
“ សប្បាយចិត្តមែនទែនដែលបានឃើញវត្តមានកីឡាករដែលចូលនិវត្តន៍ហើយមកលេងវិញដូច វី ផេង បញ្ចារ៉ុង ដែលឃើញពួកគាត់មានសុខភាពល្អ ” ។
សម្រាប់អតីតខ្សែការពារបឹងកេត និង កោះកុងអេហ្វស៊ី លោក ទូច បញ្ចរ៉ុង ក៏បានបង្ហាញពីការសប្បាយចិត្តដែលបានវិលត្រឡប់មកលេងជាមួយមិត្តរួមក្រុមចាស់ៗវិញបែបនេះ។
“ ធម្មតាយើងធ្លាប់ជាកីឡាករអាជីព ដល់ពេលបានត្រឡប់មកលេងជាមួយគ្នាសារជាថ្មីបែបនេះមានអារម្មណ៍សប្បាយដែលបានលេងជាមួយដៃគូចាស់ៗវិញ ” ។
មិនសូវខុសគ្នាច្រើន អតីតកីឡាកររបស់ក្លិបបាល់ទាត់ ភ្នំពេញក្រោន ណាហ្គាវើលដ៍ អង្គរថាយហ្គឺរ វិសាខា និងព្រះខ័នរាជស្វាយរៀង លោក ទៀង ទីនី បន្ថែមទៀតដែរថា
“សប្បាយនៅពេលឃើញពួកគាត់នៅលេងបាន អីបាន តែវាមិនបានដូចមុន១០០ភាគរយនោះឡើយ” ។
គួរបញ្ជាក់ផងដែរ ថាការប្រកួតមិត្តភាពវ័យចាស់ បឹងកេត និងវិសាខា នេះមានការចូលរួមលេងពីអតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា, អតីតកីឡាករក្នុងលីគកម្ពុជា និងក្រុមការងារមកពីក្លិបទាំងពីរនេះផ្ទាល់ផងដែរ ៕