គ្រូក្រុមវិទ្យាល័យព្រែកលៀប លោក ស៊ុំ វិសាល រំឭកថា លោកធ្លាប់មានបំណងក្លាយជាកីឡាករប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជាដែរ កាល២០ឆ្នាំមុន តែក្ដីស្រមៃបានរលាយទៅវិញ ដោយសារជំងឺពោះវៀន កម្រិតធ្ងន់ ដែលធ្វើឱ្យលោកមិនអាចហ្វឹកហាត់ខ្លាំងបាន។
គ្រូជំនួយក្រុមបាល់ទាត់យុវជនវត្តវ៉ារិន្ទដដែលថ្លែងថា កាលនៅលេងក្នុងក្រុមតាមភូមិអំឡុង២ទសវត្សរ៍មុននោះ លោកបានខិតខំប្រឹងប្រែងហ្វឹកហាត់ខ្លាំង ព្រោះគិតថា អាចប្រកួតប្រជែងឈានចូលក្រុមកម្រិតខ្ពស់។
លោក ស៊ុំ វិសាល ក៏បានផ្ដាំយុវជនដែលកំពុងមានឱកាសអភិវឌ្ឍខ្លួនទៅជាកីឡាករកម្រិតខ្ពស់ត្រូវប្រឹងប្រែងហ្វឹកហាត់ និងរក្សាឱកាសនេះ។
ក្រោយខកខានមិនបានសម្រេចក្ដីស្រមៃជាកីឡាករក្នុងលីគផ្លូវការ លោក ស៊ុំ វិសាល មិនបានបោះបង់បាល់ទាត់ឡើយ ដោយលោកបានផ្ទេរអ្វីដែលខ្លួនទៅកាន់យុវជនក្នុងមូលដ្ឋាន និងបន្តធ្វើជាគ្រូបង្វឹកដល់បច្ចុប្បន្ន។ ជាក់ស្ដែងលោកបានឆ្លៀតពេលពីការបំពេញការងារផ្ទាល់ខ្លួនក្នុងក្រុមហ៊ុនឯកជនមួយ ចូលរួមបង្ហាត់ក្រុមយុវជនវត្តវ៉ារិន្ទព្រែកលៀប ក្រុមវិទ្យាល័យព្រែកលៀប ក្រុមនារីស្ទាំងភ្លើងវត្តក្ដីចាស់ ក្រុមសាលាបាល់ទាត់ព្រះខ័នរាជស្វាយរៀងផងដែរ។ លោកសង្កត់ធ្ងន់ថា លោកចង់ឃើញកូនសិស្សរបស់លោកអាចអភិវឌ្ឍខ្លួនទៅជាកីឡាករកម្រិតខ្ពស់នាពេលអនាគត៕
______________
តាមដានព័ត៌មានថ្មីៗពី AMS Sports លើ Telegram៖ https://t.me/SPORTAMS #AMS_SPORTS #AMS #ដើម្បីកីឡា