ក្រុមជម្រើសជាតិអេស្ប៉ាញ បានកក់កៅអីឡើងទៅកាន់ជុំចុងក្រោយនៃការប្រកួត UEFA Nations League ក្រោយពីបានបំបាក់ក្រុម ជើងឯកពិភពលោក ឆ្នាំ២០១៤ អាល្លឺម៉ង់ ដោយលទ្ធផល ៦-០ កាលពីយប់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០។
ខ្សែប្រយុទ្ធ Alvaro Morata បានរកគ្រាប់បាល់បើកឆាកនៅនាទីទី១៧ សម្រាប់ក្រុមគោជល់អេស្ប៉ាញ ខណៈ ខ្សែប្រយុទ្ធវ័យក្មេង Ferran Torres រកបានហេទទ្រីគ(នាទីទី៣៣, ៥៥ និង ៧១) ហើយ Rodri (នាទីទី៣៨)និង Mikel Oyarzaba(នាទីទី៨៩) រកបានម្នាក់មួយគ្រាប់បន្ថែម។
សម្រាប់លទ្ធផលការប្រកួតដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានបង្កើតកំណត់ត្រាមួយចំនួន មានដូចជា៖
- បរាជ័យ ៦-០ ទល់នឹងអេស្ប៉ាញ ជាការចាញ់ដែលមានគំលាតគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្រុមអាល្លឺម៉ង់ ក្នុងការប្រកួតប្រជែងពានរង្វាន់ ចាប់តាំងពីពួកគេធ្លាប់ចាញ់ក្រុមហុងគ្រី ៨-៣ នៅ World Cup ឆ្នាំ ១៩៥៤ ហើយបរាជ័យធ្ងន់ធ្ងរបំផុតរបស់ពួកគេ គឺនៅក្នុងជំនួបមិត្តភាព ដែលចាញ់អង់គ្លេស ៩-០ កាលពីឆ្នាំ ១៩០៩។
- នេះជាលើកទី១ ដែលអ្នកចាំទី Manuel Neuer របូតគ្រាប់បាល់៦គ្រាប់ នៅក្នុងអាជីពរបស់ខ្លួន ដោយកន្លងមក ការប្រកួតដែលអ្នកចាំទីឆ្នើមរបស់ Bayern Munich រូបនេះរបូតច្រើនបំផុត គឺនៅក្នុងជំនួបទល់នឹង Borussia Dortmund ដោយលទ្ធផល ៥-២។
- សម្រាប់ក្រុមអេស្ប៉ាញ វាជាជ័យជម្នះដ៏ធំបំផុតមួយ ទៅលើម្ចាស់ជើងឯក World Cup ដោយកន្លងមក ពួកគេធ្លាប់បានយកឈ្នះម្ចាស់ពាន បាល់ទាត់ពិភពលោក២សម័យកាលអាហ្សង់ទីន ៦-១ នៅក្នុងឆ្នាំ ២០១៨។
- Ferran Torres ជាកីឡាករទី៣នៅក្នុងប្រវត្តិសាស្ដ្រ ដែលអាចរកបាន៣គ្រាប់ ក្នុងមួយប្រកួតទល់នឹងក្រុមអាល្លឺម៉ង់(ក្រោយបង្រួបបង្រួម អាល្លឺម៉ង់ខាងកើត និង អាល្លឺម៉ង់ខាងលិច) បន្ទាប់ពី Sergio Conceicao របស់ក្រុមព័រទុយហ្គាល់ កាលពីឆ្នាំ ២០០០ និង ខ្សែប្រយុទ្ធអង់គ្លេស Michael Owen នៅក្នុងឆ្នាំ ២០០១។