កម្មវិធីរត់អបអជោគជ័យស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម និងលើកកម្ពស់ការយល់ដឹងអំពីជំងឺម.ហារី.ក.សុដន់ទទួលបានអ្នកចូលរួមលើសការរំពឹងទុក

Sovann Tith
9 មើល
1 នាទីអាន
- Advertisement -

កម្មវិធីរត់កម្សាន្ដ AIA Pink Run ដែលសហការរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និង AIA ធ្វើឡើងនៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣ នេះទទួលបានអ្នកចូលរួម៣៦០១នាក់។

លោក សែម ផល្លា នាយកបច្ចេកទេស នៃគណៈកម្មការរៀបចំ បានបង្ហាញភាពរីករាយដែលព្រឹត្តិការណ៍រត់កម្សាន្ដលើកដំបូង ដើម្បីរំឮក និងអបអរពីសមិទ្ធផលស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ក៏ដូចជាការលើកកម្ពស់ការយល់ដឹង និងបង្ការជំងឺមហារីកសុដន់នេះ ទទួលបានការគាំទ្រ និងចូលរួមច្រើនពីអត្តពលិកជាតិ និងអន្ដរជាតិ ។

លោកថា គណៈកម្មការមានពេលវេលា ១ខែប៉ុណ្ណោះ សម្រាប់ការរៀបចំ និងទទួលពាក្យចូលរួម។ ដូច្នេះអ្នករត់ជាង ៣,៦០១នាក់នេះ គឺជាតួលេខខ្ពស់មួយ ដែលសបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋ បានចាប់អារម្មណ៍និងមានមោទនភាព ចំពោះការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ ក៏ដូចជាការយល់ដឹងពីសុខភាព តាមរយៈការលេងកីឡាកាន់តែច្រើនផងដែរ។

លោកបន្តថា ចំនួនអ្នកចូលរួមជាក់ស្ដែងមានច្រើនជាងចំនួនដែលបានចុះឈ្មោះចូលរួមទៅទៀត។ កម្មវិធីរត់កម្សាន្ដនេះ ប្រព្រឹត្តទៅក្រោមវត្តមានលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងគោលបំណងដើម្បីអបអរសាទរជោគជ័យដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះក្រោមប្រធានបទ “កីឡារស់ក្នុងសន្ដិភាព” កាលពីថ្មីៗ ។ ក្រៅពីរត់អបអរសាទរភាពជោគជ័យនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា លោកទេសរដ្ឋមន្ដ្រី ថោង ខុន បានមានប្រសាសន៍ដែលថា «យើងទាំងអស់គ្នារត់កម្សាន្ដ ដើម្បីសប្បុរសធម៌ និងកាត់បន្ថយជំងឺមហារីកសុដន់ រត់ដើម្បីភាពស្អាត និងបៃតង ពិសេសរត់ដើម្បីសុខភាព សាមគ្គីភាព និងមិត្តភាពផងដែរ» ។

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕