លោក នាង ស៊ីវុត្ថា អ្នកគ្រប់គ្រងសង្វៀងបាយ័នបានដាក់ចេញវិធានការណ៍មួយ ដើម្បីបញ្ជៀសភាពមិនប្រក្រតីចំពោះការដាក់ពិន្ទុលើសង្វៀន ក្នុងកម្មវិធីជើងឯករដូលកាល ទី១០។ លោកថាសមាសភាពអាជ្ញាកណ្តាល ចៅក្រម ទាំងអស់តម្រូវឱ្យប្រកាសឈ្មោះសម្រាប់គ្រប់ការប្រកួតនីមួយៗ ដើម្បីឱ្យអ្នកស្នេហាប្រដាល់គុនខ្មែរបានស្គាល់មុខមាត់ អង្គចៅក្រមដែលដាក់ពិន្ទុទាំងនោះ។
លោក នាង ស៊ីវុត្ថា បានប្រាប់ថាការធ្វើបែបនេះគឺជាការដាក់សម្ពាធមួយទៅលើចៅក្រម ដើម្បីបង្កើនសុក្រិតភាពក្នុងការដាក់ពិន្ទុ។ ការលើកឡើងរបស់លោកបានធ្វើឡើងក្នុងពិធីបើកជាផ្លូវការ នៃព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់ខារ៉ាបាវ រដូវកាលទី១០ កាលពីថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣ នៅស្ថានីយទូរទស្សន៍បាយ័នស្ទឹងមានជ័យ។
ជើងឯករដូវកាលថ្មីក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាម មានសមាសភាពកីឡាករខ្មែរបួនរូប នឹងថៃបួនរូប ក្នុងនោះភាគីកម្ពុជារួមមានកីឡាករ នៅ ដារ៉ូ, ឡុង បេនលឿន, ធន់ ចាន់តាក់ និងអេលីត សម្ភ័ស្ស។ សម្រាប់រូបមន្តនៃការប្រកួត ដោយបែងចែកជាពីរពូលគឺ ពូលកីឡាករខ្មែរ និងពូលកីឡាករថៃ ត្រូវវាយខ្វែងពូលសន្សំពិន្ទុទាំងអស់។ កីឡាករដែលមានពិន្ទុខ្ពស់ទាំងបួន នឹងត្រូវប្រកួតគ្នាសម្រាប់ទៅវគ្គផ្តាច់ព្រ័ត្រ ដោយកីឡាករដែលមានពិន្ទុខ្ពស់ទី១ នឹងត្រូវប៉ះអ្នកដែលមានពិន្ទុខ្ពស់ទី៤ និងអ្នកដែលមានពិន្ទុខ្ពស់ទី ២ ត្រូវប៉ះអ្នកមានពិន្ទុលំដាប់ទី៣។
សូមរំលឹកផងដែរថា សម្រាប់ការប្រកួតបើកឆាកដំបូងនៃកម្មវិធីប្រដាល់គុនខ្មែរ ម្ចាស់ជើងឯកខ្សែក្រវាត់ ខារ៉ាបាវ រដូវកាលទី១០ កីឡាករខ្មែរពីររូបបានយកឈ្នះលើកីឡាករថៃទាំងអស់ ក្នុងនោះរួមមាន អេលីត សម្ភ័ស្ស និង ធន់ ចាន់តាក់៕