Skip to content
ទោះបីម៉ូតូទឹកដែលប្រើប្រាស់ពេលប្រកួតនៅអាមេរិកទើបទិញថ្មីមិនទាន់កែច្នៃពេញសាច់ តែ សាលី ហ្វីលីន នៅតែអាចដណ្តើមមេដាយបាន
    ទំព័រដើម  »  កីឡាជាតិ

ទោះបីម៉ូតូទឹកដែលប្រើប្រាស់ពេលប្រកួតនៅអាមេរិកទើបទិញថ្មីមិនទាន់កែច្នៃពេញសាច់ តែ សាលី ហ្វីលីន នៅតែអាចដណ្តើមមេដាយបាន

ថ្លែងមកកាន់សារព័ត៌មានជាតិ សាលី ហ្វីលីន បានឱ្យដឹងថា មុនការប្រកួតនៅព្រឹត្តិការណ៍ ជើងឯកលំដាប់ពិភពលោក នាទឹកដីសហរដ្ឋអាមេរិកកន្លងទៅនោះ រូបគេមិនរំពឹងថាអាច ដណ្តើមបានមេដាយនោះទេ ក៏ព្រោះតែម៉ូតូទឹក ដែលគេប្រើប្រាស់អំឡុងពេលប្រកួត ជាម៉ូតូថ្មី ដែលទើបតែទិញមិនទាន់បានកែសម្រួលអោយត្រូវតាមលក្ខណៈបច្ចេកទេស នៃការប្រណាំង នោះទេ។

ចំណែកឯកីឡាករ កៃវ៉ាន់ សុីដែន បានប្រាប់ឱ្យដឹងផងដែរថា មានអារម្មណ៍រំភើបនិងសប្បាយរីករាយ ប៉ុន្តែក៏មានផលលំបាកច្រើនគួរសម ព្រោះការប្រកួតនៅសហរដ្ឋអាមេរិកមានអាកាសធាតុក្តៅ។

បន្ទាប់ពីបានសាងភាពល្បីល្បាញលើឆាកអន្តរជាតិ ដែលធ្វើពិភពលោកស្គាល់ ប្រទេសកម្ពុជា តាមរយៈការដណ្តើមយកមេដាយ៩គ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹក ពានរង្វាន់លំដាប់ពិភព លោក WATER JET SKI WORLD SERIES ROUND 3 2023 នៅទឹកដីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗកន្លងទៅ កីឡាករ សាលី ហ្វីលីន និង កៃវ៉ាន់ សុីដែន បានជួបសំណេះសំណាល និង សម្តែងការគួរសមជាមួយថ្នាក់ដឹកនាំ របស់ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

សូមបញ្ជាក់ថា សាលី ហ្វីលីន ដែលត្រូវជាប្អូនប្រុសបង្កើតរបស់វីរៈកីឡាករ សាលី អូមើត និងជា កីឡាករ តំណាងឱ្យកម្ពុជាតែម្នាក់គត់ ដែលអាចដណ្តើមបានមេដាយរហូតដល់៥គ្រឿង ម្នាក់ឯង ក្នុងនោះដណ្តើមបានមេដាយ មាស២ ប្រាក់២ និងសំរិទ្ធ១គ្រឿង និងកីឡាករ កៃវ៉ាន់ សុីដែន ដណ្តើមបានមេដាយមាស១គ្រឿង ពីព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកជើងឯកពិភពលោក ជុំទី៣ នៅទឹកដីសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣កន្លងទៅ៕