កីឡាករខ្សែប្រយុទ្ធវិទ្យាល័យប្ញស្សីកែវ ម៉ាន រ៉យ៉ានី បានបង្ហាញមហិច្ឆតាធំៗចំនួនពីរ គឺចង់លេងជាដៃគូជាមួយ ចាន់ វឌ្ឍនាកា និងគ្រងជាម្ចាស់ស្បែកជើងមាសប្រចាំពានរង្វាន់ AIA ជើងឯកវិទ្យាល័យ រដូវកាលទី៣ នេះផ្ទាល់តែម្តង។ ជាមួយគ្នានេះ យុវជនវ័យ ១៧ ឆ្នាំ ពិតជារំភើបរីករាយជាខ្លាំងពេលដែលបំណងប្រាថ្នាចង់ជួបនិមិត្តរូបរបស់ខ្លួនក្លាយជាការពិត។
“ក្តីស្រម៉ៃខ្ញុំចង់លេងជាមួយគាត់(CV11) ខ្ញុំនឹងខំប្រឹងអភិវឌ្ឍខ្លួនឯងបន្ថែមទៀត”។
គិតមកដល់សប្តាហ៍ទី ១០ ក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យ កីឡាករ ម៉ាន រ៉យានី នៅតែបន្តកាន់កាប់កំណត់ត្រាជាអ្នកស៊ុតបញ្ជូលទីបានច្រើនជាងគេ ពោលរូបគេរកបានគ្រាប់បាល់ទី ២០ របស់ខ្លួនក្នុងជំនួបទល់នឹងវិទ្យាល័យ ព្រែកលៀប ក្រោយក្រុមវិទ្យាល័យ ប្ញស្សីកែវ យកឈ្នះក្នុងលទ្ធផល ២-០ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ នាទីលានវិទ្យាល័យ ជ្រោយចង្វារ៕