Skip to content
ពានរង្វាន់យុវជនអន្តរជាតិ XO Siem Reap នឹងផ្ដល់បទពិសោធដល់ក្រុម និងរួមចំណែកលើកស្ទួយទេសចរណ៍នៅសៀមរាប
    ទំព័រដើម  »  កីឡាជាតិ

ពានរង្វាន់យុវជនអន្តរជាតិ XO Siem Reap នឹងផ្ដល់បទពិសោធដល់ក្រុម និងរួមចំណែកលើកស្ទួយទេសចរណ៍នៅសៀមរាប

ឯកឧត្ដម ម៉េត មករា ប្រធានក្លិបបាល់ទាត់សៀមរាបយូណាយធីតការប្រកួតពានរង្វាន់ U14 XO Siem Reap International Youth Cup២០២៣ ពាក់កណ្ដាលខែវិច្ឆិកា នេះនឹងផ្ដល់ទាំងបទពិសោធដល់យុវជន និងការរៀបចំដល់ក្រុមការងារ ក៏ដូចជារួមចំណែកលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបផងដែរ។

ថ្នាក់ដឹកនាំក្រុមមានមូលដ្ឋានក្នុងខេត្តសៀមរាបសង្កត់ធ្ងន់ថា នេះជាការវាស់ស្ទង់ដ៏សំខាន់លើសមត្ថភាពកូនក្រុមអាយុក្រោម១៤ឆ្នាំរបស់លោកដែលបានប្រមូលផ្ដុំគ្នាជិតមួយឆ្នាំ និងបានឆ្លងកាត់ការប្រកួតតទល់ក្រុមក្នុងស្រុកមួយចំនួនមក។
មិនតែប៉ុណ្ណោះទេ ការប្រកួតនេះក៏ជាឱកាសក្នុងការផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ព្រោះក្រុមចូលរួមដែលមានមកពីថៃ និងសិង្ហបុរីនោះ ពួកគេនឹងឆ្លៀតទៅទស្សនាតំបន់នានា ក្រោយបំពេញភារកិច្ចលើទីលានរួចរាល់។

លោក ប៊ួយ ដារី អគ្គលេខាធិការក្លិបបាល់ទាត់សៀមរាបយូណាយធីតបានឱ្យដឹងក្នុងពិធីចាប់គូនៅព្រឹកថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ការប្រកួតពានរង្វាន់យុវជនអន្តរជាតិអាយុក្រោម ១៤ឆ្នាំ ប្រចាំខេត្តសៀមរាប ឬ U14 XO Siem Reap International Youth Cup 2023 រយៈពេល ៣ថ្ងៃ នៅខែវិច្ឆិកានេះ។ ដំណើរការប្រកួតនឹងប្រព្រឹត្តិទៅចាប់ពី ថ្ងៃសុក្រ ទី ១៧ ខែ វិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅកីឡដ្ឋានហនុមាន ក្រុងសៀមរាប ខេត្តសៀមរាប។

ការប្រកួតលំដាប់អន្តរជាតិនេះ មានការចូលរួមដោយ សមាគមក្លិបបាល់ទាត់សៀមរាបយូណាយធីតអាយុក្រោម ១៤ឆ្នាំ (Siem Reap United U14) នៃព្រះរាជាណាចក្រកម្ពុជា និង ក្លិបបាល់ទាត់វិសាខា អាយុក្រោម ១៤ឆ្នាំ (Visakha Football Club Academy U14) នៃព្រះរាជាណាចក្រកម្ពុជា ក្រុមបាល់ទាត់ ឈុនបុរី អាយុក្រោម ១៤ឆ្នាំ (Chonburi FC Academy U14) នៃព្រះរាជាណាចក្រថៃឡង់ និង ក្រុមបាល់ទាត់ ឡាយអិនស៊ីធី សែលឡ័រ អាយុក្រោម ១៤ឆ្នាំ (Lion City Sailor Academy U14) នៃប្រទេសសិង្ហបុរី។

ការប្រកួតនេះ នឹងធ្វើឡើងលក្ខណៈសន្សំពិន្ទុ ដោយក្រុមឈ្នះ ទទួលបាន ៣ពិន្ទុ ស្មើនឹងទទួលបាន ១ពិន្ទុ និងចាញ់ ទទួលបាន ០ពិន្ទុ ឯក្រុមដែលទទួលបានពិន្ទុច្រើនជាងគេ ស្ថិតនៅកំពូលតារាង គឺជាក្រុមជើងឯក។ មួយថ្ងៃមា ន ២ប្រកួត ដោយមួយប្រកួត មានរយៈពេល ៦០នាទី និងសម្រាករយៈពេល ១៥នាទី។