ជ័យជម្នះ ៦-០ សម្រាប់ក្រុមអេស្ប៉ាញទៅលើក្រុមខ្លាំងអាល្លឺម៉ង់ ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល នៅពេលដែលក្រុមជើងកំពូលមួយនៅអឺរ៉ុប របូតគ្រាប់បាល់ដល់ទៅ៦គ្រាប់។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺ លោក Luis Enrique បានជ្រើសរើសអ្នកចាំទី Unai Simon នៅក្នុងជម្រើស១១នាក់ដំបូង ក្នុងការប្រកួតនោះ ដោយមើលរំលង David de Gea និង Kepa Arrizabalaga។
កីឡាករវ័យ២៣ឆ្នាំរបស់ក្រុម Athletic Bilbao បានបង្ហាញវត្តមាន៣ប្រកួតជាប់ៗគ្នា សម្រាប់ក្រុមអេស្ប៉ាញ ដោយចាប់ផ្ដើមពីការប្រកួតមិត្តភាព ដែលស្មើជាមួយហុល្លង់ ១-១ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ជំនួបជាមួយស្វីស និង អាល្លឺម៉ង់នៅ Nations League។
មុនទទួលបានទំនុកចិត្តពីសំណាក់គ្រូបង្វឹកជម្រើសជាតិ តើអ្នកចាំទីកំពស់ ១,៩០ម៉ែត្ររូបនេះ មានប្រវត្តិបែបណា?
ចាប់កំណើតនៅភាគខាងជើងប្រទេសអេស្ប៉ាញ Simon ដែលមាននិស្ស័យជាអ្នកចាំទីតាំងពីក្មេង បានចូលរួមថ្នាលយុវជនរបស់ក្លិប Athletic Club នៅរដូវកាល ២០១១-១២ ក្នុងវ័យ១៤ឆ្នាំ ហើយបានកសាងភាពលេចធ្លោនៅទីនោះ។
ក្រៅពីមានកាយសម្បទារឹងមាំ និង បច្ចេកទេសសង្គ្រោះបាល់បានល្អ Simon មានសមត្ថភាពក្នុងការលេងជាខ្សែការពារបានយ៉ាងល្អផងដែរ។
Unai Simon បានចាប់ផ្ដើមបង្ហាញខ្លួនក្នុងការប្រកួតជាកីឡាករអាជីពដំបូង ជាមួយនឹងក្លិប Basconia ដែលរូបគេ បានចូលរួមចន្លោះពីឆ្នាំ ២០១៤ ដល់ ២០១៦ មុនពេលផ្លាស់មកលេងឱ្យឈុត B របស់ Athletic Bilbao វិញ។
ដោយសារកាលៈទេសៈបង្ខំ Simon បានសម្រេចផ្ទេរទៅចូលរួមក្លិប Elche ក្រោមកិច្ចសន្យាខ្ចី រយៈពេលខ្លី មុនពេលត្រលប់មកក្លិបដើមវិញ។
Simon ត្រូវបានកោះហៅមកចូលរួមឈុតធំ របស់ Athletic បន្ទាប់ពី Kepa បានផ្ទេរមកចូលរួមជាមួយ Chelsea នៅឆ្នាំ ២០១៨។ អ្នកចាំទីរូបនេះ បានបង្ហាញខ្លួនលើកដំបូងនៅ La Liga ក្នុងការប្រកួតបើករដូវកាល ២០១៨-១៩ ទល់នឹងក្រុម Leganes។
នៅរដូវកាល ២០១៩-២០ Simon ជាកីឡាករមួយរូប ដែលបានសាងភាពលេចធ្លោសម្រាប់ Athletic Club ជាមួយនឹងគុណភាព និង ការសង្គ្រោះបាល់បានច្រើនប្រកួត បានជំរុញឱ្យ Simon ឈរជាកីឡាករទី៣ ដែលរក្សាសំណាញ់ទីបានច្រើនបំផុតនៅលីគកំពូលអេស្ប៉ាញ បន្ទាប់ពី Thibaut Courtois និង Jan Oblak។ សម្រាប់រដូវកាល ២០២០-២១ នេះ Unai Simon ចូលលេងទាំង៨ប្រកួតសម្រាប់ Athletic នៅ La Liga។
នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២០ Simon ត្រូវបានកោះហៅចូលរួមក្រុមឈុតធំត្រៀមសម្រាប់ការប្រកួត UEFA Nations League ហើយត្រូវបានជ្រើសរើសឱ្យចូលលេងក្នុងជម្រើសដំបូង ក្នុងការប្រកួតមិត្តភាពទល់នឹង ហូឡង់ ហើយត្រូវបានលោក Enrique ដាក់ឱ្យលេងក្នុងជម្រើស១១នាក់ សម្រាប់ពីរប្រកួតបន្ទាប់នៅ Nations League។
មុនការប្រកួតកាលពីយប់ ថ្ងៃអង្គារទល់នឹងអាល្លឺម៉ង់ គ្រូបង្វឹកក្រុមអេស្ប៉ាញបាននិយាយថា៖ “ខ្ញុំបានជ្រើសរើសអ្នកចាំទី ដែលមានមហិច្ឆតា និង ចំណង់នៅក្នុងការហ្វឹកហាត់ ប៉ុន្ដែកីឡាករដែលខ្ញុំជ្រើសរើស នឹងត្រូវបានបង្ហាញ ១ម៉ោងកន្លះ មុនចាប់ផ្ដើមការប្រកួត”។
ទីបំផុត Unai Simon ជាអ្នកចាំទីដែលត្រូវបានជ្រើសរើសក្នុងជម្រើសដំបូង ក្នុងការប្រកួតដែលទទួលជោគជ័យជាប្រវត្តិសាស្ដ្រសម្រាប់ក្រុមអេស្ប៉ាញ៕