យុវជន យឿន សុភ័ក្ត្រ ជាកីឡាករតេក្វាន់ដូ ITF និងក៏ជាកីឡាករបាល់ទាត់ របស់វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន កោះដាច់ ផងបាន អះអាងថារវាងកីឡាពីរប្រភេទនេះ រូបគេអាចនឹងចាប់យកកីឡាតេក្វាន់ដូ ITF ជាអាជីពរបស់ខ្លួនជាងរើសយកបាល់ទាត់។
យុវជនវ័យ ១៨ឆ្នាំដដែលក៏បានបញ្ជាក់ពីមូលហេតុច្បាស់ៗថា រូបគេមិនសូវជាច្បាស់ជាមួយបាល់ទាត់ លើសពីនេះបាល់ទាត់ទាមទារពេលវេលាច្រើនព្រោះវាជាប្រភេទកីឡាជាក្រុម ផ្ទុយពីតេក្វាន់ដូ ITF សុភ័ក្ត្រថាវាមិនទាមទារឱ្យមានការយល់ចិត្តពីនរណាច្រើន ហើយក៏មិនតម្រូវឱ្យហ្វឹកហាត់ច្រើនពេកនោះឡើយ។
ខ្ញុំគិតថាយកតេក្វាន់ដូ ITF ជាអាជីពរបស់ខ្ញុំ ព្រោះកីឡាប្រភេទនេះយើងមានពេលហ្វឹកហាត់តិចតួច ក៏អាចហាត់បានដែរ បើបាល់យើងដល់មានពេលច្រើនជាមួយវា ។
កីឡាករ យឿន សុភ័ក្ត្រ ក្នុងការចូលរួមប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពានរង្វាន់ ឯកឧត្តម ហ៊ុន ម៉ានី ឆ្នាំ២០២៣ កន្លងទៅរូបគេបញ្ចប់ទៅដោយទទួលបានមេដាយប្រាក់ ១គ្រឿងលើវិញ្ញាសាប្រយុទ្ធឯកត្តជន ទម្ងន់ ៥០គីឡូក្រាម, ចំណែកឯក្រុមបាល់ទាត់វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន កោះដាច់ វិញ សុភ័ក្ត្របានជួយក្រុមវិទ្យាល័យខ្លួនបញ្ចប់ទៅត្រឹមចំណាត់ថ្នាក់លេខ ១០ នៃចំនួនក្រុមសរុប១២ក្រុមចូលរួម៕