Skip to content
    ទំព័រដើម  »  កីឡាជាតិ

ខេត្តព្រះសីហនុនឹងមានពហុកីឡដ្ឋានថ្មីមួយ ដែលអាចផ្ទុកមនុស្ស ៣១ ៥០០នាក់

ភ្នំពេញ៖ ខេត្តព្រះសីហនុនឹងមានពហុកីឡដ្ឋានថ្មីមួយដែលអាចផ្ទុកមនុស្ស ៣១៥០០នាក់។ នេះដោយយោងតាមការចុះផ្សាយរបស់ផេក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសាងសង់ពហុកីឡដ្ឋាន ខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

ការសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ គឺឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ និងតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍវិស័យកីឡា និងទេសចរណ៍ក្នុងខេត្តឱ្យកាន់តែរីកចម្រើនថែមទៀត ដែលនឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកទស្សនាកំសាន្តក្នុងខេត្តនេះព្រមទាំងបណ្ដាខេត្តជាប់ឆ្នេរសមុទ្រ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកគម្រោងសាងសង់ពហុកីឡាដ្ឋាន ជាសមិទ្ធផលដ៏ថ្មីស្រឡាងមួយទៀត ក្រោមគំនិតផ្ដួចផ្ដើមរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ពហុកីឡាដ្ឋានថ្មីនេះ អាចផ្ទុកមនុស្សប្រមាណ ៣១ ៥០០នាក់ មានហាងកាហ្វេ កន្លែងបោះតង់ សួនទេសចរណ៍ អគារសារមន្ទីរ សាលមហោស្រព និងរចនាសម្ព័ន្ធជាច្រើនទៀត ហើយនឹងត្រូវសាងសង់បែបសហសម័យ មានបញ្ចូលនូវអត្តសញ្ញាណជាតិ និងធានាបាននូវគុណភាពគង់វង្សយូរអង្វែងដូចអគារពីសម័យបុរាណដែលបានបន្សល់ទុកមកដល់សព្វថ្ងៃ៕