Skip to content
តើក្លិបណាដែល Pogba អាចចូលរួម បើចេញពី Man Utd?
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

តើក្លិបណាដែល Pogba អាចចូលរួម បើចេញពី Man Utd?

ថ្មីៗនេះ លោក Mino Raiola ភ្នាក់ងាររបស់ Paul Pogba បាននិយាយជាសាធារណៈថាខ្សែបម្រើជម្រើសជាតិបារាំងលែងចង់នៅ Manchester United ទៀតហើយ ហើយគេត្រូវតែចេញពីក្លិបអង់គ្លេសមួយនេះនៅពេលទីផ្សារផ្ទេរបើកជាថ្មីនាខែមករាឆ្នាំ២០២១។ អីចឹង តើក្លិបណាដែល Pogba អាចទៅចូលរួម ក្រោយចេញពី Man Utd? ខាងក្រោមនេះជាទស្សនៈរបស់ FourFourTwo អំពីក្លិបដែល Pogba អាចទៅចូលរួម។

Real Madrid

Pogba មានបច្ចេកទេសបញ្ជូនបាល់យ៉ាងចំណាន អាចលេងតំណែងលេខ៦ (បម្រើការពារ), លេខ៨ (បម្រើកណ្ដាល), ឬលេខ១០ (បម្រើប្រយុទ្ធ) បាន។ កន្លងមក កីឡាករវ័យ២៧ឆ្នាំ បាននិយាយយ៉ាងចំហថាការលេងឱ្យ Real Madrid ជាក្ដីស្រមៃរបស់កីឡាករគ្រប់រូប។ ខណៈអ្នកចាត់ការ Real បច្ចុប្បន្នជាជនជាតិបារាំងដូចគ្នាស្រាប់ គឺលោក Zinedine Zidane ស្របពេល Luka Modric អាយុ៣៥ទៅហើយ និង Toni Kroos ឈានចូលក្បាល៣០ផងដែរនោះ ការទៅចូលរួម Real ជាលទ្ធភាពទំនងមួយសម្រាប់ Pogba។ តែការរះឡើងនៃយុវជនបារាំង Eduardo Camavinga របស់ Rennes ប្រហែលធ្វើឱ្យលោក Zidane មិនសូវត្រេកត្រអាលជាមួយ Pogba ពេកនោះទេ។

Paris St Germain

PSG មួយរយៈចុងក្រោយនេះត្រូវបានភ្ជាប់នឹងការចង់បាន Pogba ដែរ ដែលស្ដាប់មើលទៅទំនងខ្លាំងដែរ។ វានឹងជាការត្រលប់ទៅផ្ទះវិញសម្រាប់កីឡាករដែលធ្លាប់ហាត់នៅថ្នាល Le Havre ២ឆ្នាំរូបនេះ បើគេជ្រើស PSG។ Pogba មុខជាឈ្នះពានយ៉ាងច្រើនតាមបំណងនៅក្នុងប្រទេសបារាំង ស្របពេល PSG ក៏ចង់ថែមកម្លាំងថ្មីដែលមានគុណភាពដូច Pogba ទៅក្នុងក្រុមដែរ។ សព្វថ្ងៃ PSG មិនសូវសម្បូរខ្សែបម្រើលំដាប់ពិភពលោកទេ។ ជាក់ស្ដែង ខ្សែបម្រើកណ្ដាលពួកគេរាល់ថ្ងៃមានដូចជា Ander Herrera, Idrissa Gueye ជាដើម។

Juventus

Pogba បានចេញពី Man Utd ទៅ Juventus ក្នុងឆ្នាំ២០១២ ហើយត្រលប់មក Man Utd វិញក្នុងឆ្នាំ២០១៦។ បើបកទៅ Juventus ម្ដងទៀត ហាក់ដូចជាអាជីពចម្លែកមួយសម្រាប់ Pogba។ ប៉ុន្តែការពិតដែលមិនអាចប្រកែកបានគឺ Juventus នៅតែគោរពនិងស្រលាញ់ខ្សែបម្រើបារាំងរូបនេះយ៉ាងខ្លាំង។ ការចុះកិច្ចសន្យាជាថ្មីជាមួយតារាដ៏មានប្រជាប្រិយភាពបំផុតម្នាក់របស់ពួកគេជារឿងល្អមួយ។ ដៃគូបម្រើកណ្ដាលរវាង Aaron Ramsey និង Pogba ស្ដាប់មើលទៅគឺទំនង ខណៈខ្សែប្រយុទ្ធ Cristiano Ronaldo អាចមានការបង្កើតឱកាសឱ្យបានច្រើនជាងមុន។ Paulo Dybala ជាមិត្តស្និទ្ធស្នាលរបស់ Pogba ហើយច្បាស់ណាស់ថាគេចង់លេងជាមួយ Pogba ឡើងវិញប្រសិនបើអាច។

Bayern Munich

បើអ្នកជាកីឡាករលំដាប់ពិភពលោកម្នាក់នាពេលបច្ចុប្បន្នហើយអាចជ្រើសរើសយកក្លិបមួយណាក៏បាន តើអ្នកនឹងទៅក្លិបណា? Bayern Munich ច្បាស់ជាជម្រើសរបស់មនុស្សជាច្រើន។
Bayern ចេះវិធីអភិវឌ្ឍខ្សែបម្រើ។ ជាក់ស្ដែង Joshua Kimmich និង Leon Goretzka កំពុងវិវឌ្ឍខ្លួនក្លាយជាដៃគូបម្រើដ៏អស្ចារ្យជំនាន់ថ្មីក្នុងបាល់ទាត់អឺរ៉ុប។ គ្មានអ្វីគួរឱ្យសង្ស័យឡើយ បើ Pogba ទៅលេងនៅលីគអាល្លឺម៉ង់ គេនឹងរីកចម្រើនផ្នែកបច្ចេកទេសបន្ថែមទៀតជាក់ជាមិនខាន ហើយមុខជាឈ្នះជើងឯករាល់រដូវកាល។ Marc Roca ទើបតែចូលរួម Bayern ថ្មីថ្មោងក្នុងភាពជាអនាគត Thiago Alcantara សម្រាប់ Bayern។ តែ Pogba មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីរីកចម្រើនបន្ថែមក្នុងពេល១រដូវកាលនៅ Bundesliga។

Barcelona

ប៉ុន្មានឆ្នាំចុងក្រោយនេះ Barcelona និង Real Madrid សឹងតែប្ដូរ Philosophies គ្នាទាំងស្រុង ដោយក្លិបមានមូលដ្ឋាននៅកាតាឡូនីញ៉ា (Catalonia) មានទំនោរទិញតារាល្បីៗមករួមក្រុមច្រើនជាង Real សព្វថ្ងៃ។ ពិបាកដឹងថា Pogba នឹងលេងតួនាទីណាក្នុងក្រុមលោក Ronald Koeman ប៉ុន្តែគេអាចជាខ្សែបម្រើថ្មីស៊េរីលើ Philippe Coutinho បច្ចុប្បន្ន។

Inter Milan

Inter Milan’s Chilean forward Alexis Sanchez (L) celebrates with Inter Milan’s Belgian forward Romelu Lukaku after scoring during the Italian Serie A football match Inter vs Torino on November 22, 2020 at the Giuseppe-Meazza (San Siro) stadium in Milan. (Photo by MIGUEL MEDINA / AFP) (Photo by MIGUEL MEDINA/AFP via Getty Images)

ក្លិបយក្សអ៊ីតាលីមួយនេះមិនជំទាស់នឹងការយកកីឡាករ Man Utd មកប្រើឡើងវិញនោះទេ។ ជាក់ស្ដែងក្នុងក្រុមលោក Antonio Conte សព្វថ្ងៃមានអតីតកីឡាករក្លិបបិសាចក្រហមដូចជា Alexis Sanchez, Ashley Young និង Romelu Lukaku ជាដើម។ តម្លៃរបស់ Pogba ថ្លៃជាងកីឡាករផ្សេងៗ តែមហិច្ឆតារបស់ Inter ហាក់រីកធំឡើងៗក្រោយខានឈ្នះ Serie A តាំងពី២០១០មក។ ការលេងរួមគ្នាជាថ្មីជាមួយ Lukaku ដែលមានភ្នាក់ងាររួមជាមួយ Pogba ដែរនោះ ជាគំនិតដ៏អស្ចារ្យមួយ៕