Skip to content
ក្រុមបាល់ទាត់តារាមហាហង្សឈានដល់វគ្គ៨ក្រុម នៃការប្រកួតដណ្ដើមពានពាក់ កណ្ដាលអាជីពប្រចាំឆ្នាំ KMH Champioan League រដូវកាលថ្មីឆ្នាំ២០២០
    ទំព័រដើម  »  កីឡាជាតិ  »  បាល់ទាត់

ក្រុមបាល់ទាត់តារាមហាហង្សឈានដល់វគ្គ៨ក្រុម នៃការប្រកួតដណ្ដើមពានពាក់ កណ្ដាលអាជីពប្រចាំឆ្នាំ KMH Champioan League រដូវកាលថ្មីឆ្នាំ២០២០

ភ្នំពេញ៖ នៅក្នុងការប្រកួតដណ្ដើមពាន KMH Champioan League រដូវកាលថ្មីឆ្នាំ២០២០នេះ ក្រុមតារាមហាហង្សបានឈានដល់វគ្គ៨ក្រុមជាថ្មីទៀតហើយ បន្ទាប់ពីឆ្នាំមុនបានឈានដល់វគ្គនេះម្ដងហើយ តែបរាជ័យមិនបានតដល់វគ្គ៤ក្រុម ។ ការប្រកួតនៅថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២០ គឺជាការប្រកួតបញ្ចប់ពូល E ដោយក្រុមបាល់ទាត់តារាមហាហង្ស បានយកឈ្នះលើក្រុម ISI Dangkor Senchey FC ក្នុងលទ្ធផល១ទល់នឹង០ ហើយក្លាយជាលេខ១ក្នុងពូលទទួលពិន្ទុ៩ពេញ ។

ការប្រកួតនេះ គឺជាការប្រកួតដណ្ដើមពានពាក់កណ្ដាលអាជីពប្រចាំឆ្នាំ ដោយមានក្រុមប្រកួតប្រជែងសុទ្ធតែខ្លាំងៗ ខណៈដែលពូលនីមួយៗទម្រាំរកឃើញក្រុមលេខ១ លេខ២ និងក្រុមធ្លាក់ គឺសុទ្ធតែមានការប្រកួតស្វិតស្វាញក្នុងរយៈពេលកន្លងមកនេះ ។ ការប្រកួតនេះ ក៏ត្រូវគេរំពឹងថា នឹងកាន់តែល្អមើល និង ទាក់ទាញផងដែរ នៅពេលឈានដល់៨ក្រុមចុងក្រោយ ដែលតម្រូវអោយក្រុមទាំង៨ ប្រកួតជម្រុះយកតែ៤ក្រុមនៅពេលខាងមុខ។

បើតាមលោក អ៊ិន សុភិន ប្រធានក្រុមបាល់ទាត់ Mohahang All Star FC បន្ទាប់ពីឆ្លងផុតការប្រកួតក្នុងពូល ហើយបានឈរលេខ១ក្នុងពូល ក្រុមរបស់លោកនឹងត្រូវបង្កើនការហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួនសម្រាប់ឱកាសវគ្គ១ភាគ៤ បើទោះជាក្រុមរបស់លោកត្រូវប៉ះជាមួយនឹងក្រុមខ្លាំងៗនៅក្នុងពូលផ្សេង ។ ជាមួយគ្នានោះ លោក អ៊ិន សុភិន ក៏បង្ហាញនូវមោទនភាពផងដែរ ដែលក្រុមរបស់លោកបានឡើងដល់វគ្គ៨នាក់ នៅក្នុងការប្រកួតដណ្ដើមពានពាក់កណ្ដាលអាជីពដ៏សំខាន់មួយនេះ។

យ៉ាងណាមិញ ក្រុមរបស់លោកនៅមិនទាន់មើលឃើញពីក្ដីសង្ឃឹមក្នុងការកាន់ពាននោះទេ ដរាបណាក្រុមនៅមិនទាន់អាចឈានដល់វគ្គ៤ក្រុម ចុងក្រោយ ដោយសារតែកាលពីចូលរួមក្នុងព្រឹត្តិការណ៍នេះកាលពីលើកទី១ គឺក្រុមរបស់លោកបរាជ័យត្រឹមវគ្គប្រកួតយក៤ក្រុម ៕