ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត វគ្គផ្តាច់ព្រ័ត្រ និងធ្វើនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ ដោយក្រុមជើងឯកថ្នាក់ខេត្តឆ្នាំចាស់ ខេត្តត្បូងឃ្មុំ ប៉ះ ក្រុមខេត្តព្រៃវែង ។ មុននឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រុមទាំង២ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង បានយកឈ្នះលើគូប្រកួតរៀងៗខ្លួន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទាំង២ជើងដូចគ្នា នៃព្រឹត្តិការណ៍ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី ១៤ រដូវកាល ២០២០ ។
គឺខេត្តត្បូងឃ្មុំ ដែលជាក្រុមការពារដំណែងជើងឯកថ្នាក់ខេត្ត ឆ្នាំ២០១៩ បានបន្តយកឈ្នះជាមួយក្រុមម្ចាស់ផ្ទះ ខេត្តកែប ២:១ ជើងទី១ និងជើងទី២ ៣:១ សរុបលទ្ធផលទាំង២ជើង ៥:២ ។ ចំពោះក្រុមខេត្តព្រៃវែង យកឈ្នះ ខេត្តសៀមរាប ទាំង២ជើង ដោយជើងទី១ ២:០ ជើងទី២ ៧:០ សរុបលទ្ធផលទាំង២ជើង ព្រៃវែងឈ្នះ ៩ទល់០ ។
យោងតាមគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ និងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ គ្រោងនឹងធ្វើឡើង នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយ១ប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ នឹងធ្វើឡើងវេលាម៉ោង៣ រសៀល ររវាងក្រុមចាញ់ៗទាំងពីរ គឺខេត្តកែប និងខេត្តសៀមរាប និង១ប្រកួតទៀតដណ្តើមជើងឯករវាងខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង វេលាម៉ោង ៦ល្ងាច ។
សូមបញ្ជាក់ថា ៤ក្រុមចុងក្រោយនេះ គឺជាបេក្ខភាពឡើងទៅប្រកួតបន្តពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិជាមួយនឹង១២ក្រុម ក្នុងចំណោម១៣ក្រុម ដែលកំពុងស្ថិតក្នុង ក្របខ័ណ្ឌលីគ កំពូលកម្ពុជា រដូវកាល ២០២០ លើកលែងតែក្រុមយុវជនបាទីប៉ុណ្ណោះ ដែលមិនចូលរួម ៕
រូបភាព Page Hun Sen Cup