តារាចម្រៀង ថុល សុភិទិ មានបំណងចង់បង្កើនអាជីពជាកីឡាករប្រណាំងម៉ូតូធំមួយទៀត បើរូបគេមានឱកាសពីការជ្រើសរើសក្នុងពេលណាមួយពីខាងក្រុម ឬសហព័ន្ធយានយន្តកម្ពុជាឱ្យទៅប្រកួតប្រជែងក្នុងរូបភាពតំណាងឱ្យជាតិនោះ។ ភិទិ ប្រាប់ដោយមិនស្ទាក់ស្ទើរបែបនេះក៏ព្រោះតែគេជាមនុស្សដែលងប់ងល់ និងការលេងកីឡាជាខ្លាំងហើយការជិះម៉ូតូគឺជាចំណង់ចំណូលចិត្តមួយក្នុងចំណោមប្រភេទកីឡាដែលគេស្រឡាញ់ផ្សេងៗទៀត។
តារា TOP 4 កម្មវិធី Cambodian Idol ដដែលក៏បានមើលឃើញអំពីវិស័យម៉ូតូធំនៅកម្ពុជាថាមានការអភិវឌ្ឍគួរឱ្យចាប់អារម្មណ៍ខ្លាំងមួយរយៈពេលចុងក្រោយនេះ ហើយរូបគេសង្ឃឹមថាវិស័យមួយនេះនឹងកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់។ ម្ចាស់បទ «មួយឆាវ» ក៏បានបង្ហាញអំពីផលប្រយោជន៍ដែលបានមកពីការជិះម៉ូតូ ថាវាជួយកាត់បន្ថយស្មុគស្មាញ និងមានភាពរីករាយពេលបានជួបជុំជាមួយបងប្អូនអ្នកស្រឡាញ់ម៉ូតូដទៃៗទៀត។
“ ខ្ញុំសង្ឃឹមថាទៅមុខទៀតវិស័យប្រណាំងម៉ូតូវាកាន់តែរីកចម្រើនទៅខ្លាំង ហើយអាចនឹងមានជាកីឡាករអាជីពនៅស្រុកខ្មែរយើង មិនច្រើនក៏វាអាចមានតិចតួចដែរ ហើយខ្ញុំសង្ឃឹមថាក្នុងនោះក៏អាចមានខ្ញុំដែរ។
តារាចម្រៀង ថុល សុភិទិ គឺសិល្បៈករមួយរូបដែលតែងតែចូលរួមសកម្មភាពលេងកីឡាជាហូរហែ មិនថាបាល់ទាត់ ឬប្រណាំងម៉ូតូទេ។ ដោយកន្លងមករូបគេបានធ្លាប់លេងបាល់ទាត់រៃអង្គាសប្រាក់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងចូលរួមប្រណាំងម៉ូតូក្នុងកម្មវិធី Mekong Championship ជាដើម៕