នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានរៀបចំនូវមហាសន្និបាតវិសាមញ្ញសម្រាប់អាណត្តិទី២ (ឆ្នាំ២០២១-២០២៥) ដើម្បីរៀបចំ និង ទិសដៅសកម្មភាពការងារបន្ទាប់ក្នុងអណត្តិថ្មី នាអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកបណ្ឌិត សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានមានប្រសាសន៍ថា ផែនការបន្ទាប់សម្រាប់សហព័ន្ធក្នុងអាណត្តិថ្មី គ្រោងនឹងបង្កើតមជ្ឈមណ្ឌលហ្វឹកហាត់សម្រាប់ប្រភេទកីឡាប្រយុទ្ធនេះក្នុងពេលឆាប់ៗ ដើម្បីបណ្តុះបណ្តាលកីឡាករ-កីឡាការិនីថ្មីៗជាច្រើនទៀត ត្រៀមសម្រាប់ការចូលរួមព្រឹត្តិការណ៍នានាក្នុងនោះមាន SEA GAMES នៅប្រទេសថៃ និងព្រឹត្តិការណ៍ Asian Youth Games ឆ្នាំ២០២៩ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាដដែលក៏បានបន្តថា ក្នុងអាណត្តិថ្មីនេះដែរ ការពង្រឹងបន្ថែមមិនថាសម្រាប់តែក្រុមកីឡាករ-កីឡាការិនី តែចំពោះថ្នាក់ដឹកនាំទាំងអស់ក៏ត្រូវប្រាកដថាមានភាពរឹងមាំដើម្បីធានាបានប្រសិទ្ធភាពខ្ពស់ និងការស្វែងរកសមិទ្ធផលជូនសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា។
“ ប្រហែលជា៦ខែទៀតយើងនឹងមានមជ្ឈមណ្ឌលមួយដ៏ធំសម្រាប់ហ្វឹកហាត់កីឡាយើងហ្នឹងឯង ហើយយើងសង្ឃឹមថាយើងនឹងមានធនធានមនុស្សកាន់តែច្រើនសម្រាប់ SEA GAMES, Nation Games, Aasen Games ឬក៏ Olympic Games។”
សូមបញ្ជាក់បន្ថែមថា សម្រាប់សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធក្នុងអាណត្តិទី២ ឆ្នាំ(២០២១-២០២៥) គឺមានចំនួន ១១នាក់ ដែលបន្ដដឹកនាំដោយលោក សេង ប៊ុនសុង ជាប្រធាន, លោក ថោង បញ្ញាធន ជាអនុប្រធានទី១, លោក ប៊ុត សុទ្ធី និងលោក Jasper Martijn Pass ជាអនុប្រធាន គ្រាដែលអគ្គលេខាធិការសហព័ន្ធ ត្រូវបានផ្លាស់ប្ដូរថ្មី គឺលោក ឃឹម សាមាន និងលោក សំអុន បូរមី ជាអគ្គលេខាធិការរង ។ លោក ឆេង សីឡាង ជាអគ្គហេរញ្ញិក និងលោក ជឹម ធារ៉ា ជាអគ្គហេរញឹករង ព្រមទាំងមាជិក ៣រូបទៀត៕