Skip to content
    ទំព័រដើម  »  កីឡាជាតិ

ជោគជ័យកីឡាថ្នាក់ជាតិរបស់សហព័ន្ធការ៉ាតេជំរុញអត្តពលិកពង្រឹងសមត្ថភាពត្រៀមប្រជែងស៊ីហ្គេម ២០២៥

កាលពីព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៤ នៅក្នុងពិធី​បិទ​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៣ នៅ​សាល​ដំបូលទូក​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានពាំនាំប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ជា​ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា ថាជំរុញឱ្យកីឡាករកីឡាការិនីរបស់​យើង ខិតខំ​ហ្វឹកហាត់ ពង្រឹងបន្ថែម នៅតាម​ក្លិប​-​សមាគម​ឱ្យបាន​ជាប់លាប់ ដោយ​បង្កើតឱ្យមាន​នូវ​ប្រសិទ្ធ​ភាព និង​សមត្ថភាព​ក្នុងការ​អភិវឌ្ឍ​បច្ចេកទេស​កីឡា​កា​រ៉ា​តេ ដើម្បីដណ្តើមបាន​លទ្ធផល​ល្អប្រសើរ សម្រាប់​ការប្រកួត​ស៊ី​ហ្គេម នៅ​ឆ្នាំ​២០២៥ ដូចគ្រាដែល​កម្ពុជា ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែរ។

ជាមួយគ្នាផងដែរ អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជាដដែលក៏បាន បញ្ជាក់បន្ថែមថាការប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៣ នេះមានកំណើនការចូលរួមច្រើនជាងឆ្នាំកន្លងៗទៅ បើតាមតួលេខរបស់គណៈកម្មកា​រ​រៀបចំបាន​បញ្ជាក់ថា ការប្រកួត​នេះ​មាន​កីឡាករ ​១៣០​នាក់ កីឡាការិនី​ ៩៣​នាក់បាន​ចូលរួមព្រមទាំង​ប្រតិភូ​កីឡាជា​គ្រូបង្វឹក ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​ប្រមាណ​៩៥​នាក់​ទៀត​។​

សូមរំឭកថា ក្នុងការប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៣ នេះក្រុម​កា​រ៉ា​តេ​ក្រសួងការពារជាតិឈរនៅចំណាត់ថ្នាក់លេខ១ ដណ្តើមបាន​មេដាយមាស​១១ ប្រាក់ ​១០ និង​សំរឹទ្ធ​ ៥ ក្លិប​កា​រ៉ា​តេ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២ ​ដណ្តើមបាន​មេដាយមាស​៧ ប្រាក់​៤ សំរឹទ្ធ​១០ ​តាម​ពីក្រោយ​ដោយ​សមាគម​ក្រសួងមហាផ្ទៃ ដែល​បាន​មេដាយមាស​៧ ប្រាក់​២ សំរឹទ្ធ​៤ ៕