ការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើកទី៩ បានបើកការប្រកួតជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ អនុប្រធាន ស.ស.យ.ក ព្រមទាំងវត្តមានថ្នាក់ដឹកនាំ ប្រតិភូ កីឡាករ-កីឡាការិនី និងអ្នកគាំទ្រយ៉ាងច្រើនកុះករ នាកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់)។
ឯកឧត្តម សុខ សប្បាយណា ប្រធានគណៈកម្មាធិការប្រកួត បានឲ្យដឹងដែរថា ពានមិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី៩ នេះ រៀបចំកាន់តែស្ដង់ដារជាងមុន ដោយការប្រកួតធ្វើឡើងនៅទីលានស្ដង់ដារ ១១នាក់ ទល់ ១១នាក់ ក្រោមកិច្ចសហការបច្ចេកទេសជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ សម្រាប់ក្រុមចូលរួមទាំង ៣៤ គឺបែងចែកជា ៨ពូល ដើម្បីធ្វើការប្រកួតជម្រុះរកក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗឡើងវគ្គបន្ដបន្ទាប់ រហូតរកឃើញក្រុមជើងឯក ចំពោះការប្រកួតគ្រោងនឹងបញ្ចប់ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ។
នៅក្នុងឱកាសបេីកការប្រកួតនោះដែរ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះថ្នាក់ដឹកនាំ និងក្រុមបាល់ទាត់គ្រប់ក្រសួង-ស្ថាប័ន ក៏ដូចជាដៃគូសហការ ដែលបានចូលរួម ហើយបង្ហាញនូវការគាំទ្រ និងលើកទឹកចិត្តយ៉ាងសំខាន់ ស្របតាមគោលបំណងនៃកម្មវិធី ដែលផ្ដួចផ្ដើមគំនិតរៀបចំដោយថ្នាក់ដឹកនាំ ស.ស.យ.ក គឺដើម្បី បង្កើនសាមគ្គីភាព មិត្តភាព ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជនតាមបណ្ដាក្រសួង-ស្ថាប័នរដ្ឋ និងស្មារតីស្រលាញ់ ចូលចិត្តលេងកីឡាដើម្បីសុខភាព ។
ក្នុងនាមថ្នាក់ដឹកនាំ និងគ្រួសារ ស.ស.យ.ក ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ និងគ្រប់ភាគីពាក់ព័ន្ធក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើងតាំងពីរដូវកាលទី១ ឆ្នាំ២០១៣ ដែលមានត្រឹម៩ក្រុមចូលរួមរហូតដល់លើកទី៩ ឆ្នាំ២០២៤ ដែលមានរហូតដល់ ៣៤ក្រុមចូលរួមក្នុងនោះមានក្រុមថ្មីចំនួន ៣ គឺក្រសួងមហាផ្ទៃ,ក្រសួងការពារជាតិ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នេះគឺជាការវិវឌ្ឍន៍ និងរីកចម្រើនថ្មីមួយទៀត នៃពានមិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន។
ប្រធានកិត្តិយសគណៈកម្មាធិការរៀបចំការប្រកួតដដែលបន្ដថា ការប្រកួតពានមិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន យើងនេះក៏ដើម្បីរួមចំណែកក្នុងការលើកស្ទួយ និងជំរុញវិស័យកីឡារីកចម្រើនឡើងថែមទៀត ស្របតាមគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា សំដៅអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ទាំងផ្នែកបញ្ញា ស្មារតី និងកាយសម្បទា ដែលនេះរួមចំណែកដល់ការលើកកម្ពស់ផលិតភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព សមធម៌ និងបរិយាប័ន្ន។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះដែរ សម្រាប់វគ្គជម្រុះតាមពូល ត្រូវធ្វើការប្រកួតរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ នៅទីលានវិទ្យាល័យបឹងត្របែក ហើយបន្ទាប់ពីរកឃើញបេក្ខភាពឡើងវគ្គ ១៦ក្រុមចុងក្រោយ ទើបប្ដូរទៅប្រកួតនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) រហូតរកឃើញក្រុមជើងឯកតែម្ដង៕