បទពិសោធជាកត្តាសំខាន់ដែលកុមារា សាន គឹមហេង មកពីក្រុម New Gateway លេងលេចធ្លោក្នុងពានកុមារ៧មករា
កុមារា សាន គឹមហេង ជាកីឡាករអាយុក្រោម ១០ឆ្នាំមកពីសាលាអន្តរជាតិ New Gateway បាននិយាយដោយម៉ឺងម៉ាត់ថាមិនមានអ្វីត្រូវខ្លាច ឬបារម្ភអ្វីឡើយសម្រាប់ឱកាសនៃការចូលរួមប្រកួតបាល់ទាត់ពានរង្វាន់ ៧មករា លើកទី៤ ឆ្នាំ២០២៤។ កុមារវ័យ១១ឆ្នាំដដែលបន្តថា ដោយសារគេស្គាល់បាល់ទាត់តាំងតែពីតូចៗ តែងតែលេងមកជាញឹកញាប់ និងការដែលទទួលបានដំបូន្មានល្អៗពីបងរបស់គេ។
អត់មានខ្លាចអ្វីទេ ធម្មតា ខ្ញុំលេងមក ៥ឆ្នាំហើយ ខ្ញុំហាត់នៅផ្ទះខ្លួនឯង ចេះលេងអស់រលីង បងខ្ញុំជួយបង្ហាត់ទៀតចេះលេង ចេះញាក់អ្វីទាំងអស់ ។
ក្មេងតូចមានមូលដ្ឋាននៅកប់ស្រូវខាងលើបានបន្ថែមថា កីឡាករក្នុងដួងចិត្តគេគឺខ្សែបម្រើប្រយុទ្ធ លឹម ពិសុទ្ធ ក៏ព្រោះតែគេពេញចិត្ត ភាពបត់បែន ការអូសបាល់ និងរបៀបញាក់បាល់ដល់ប៉ិនប្រសប់ ទើបរូបគេជាប់អារម្មណ៍បែបនេះ។ លើសពីនេះនៅថ្ងៃខាងមុខ គឹមហេង អាចនឹងប្រលូកក្នុងវិស័យបាល់ទាត់លក្ខណអាជីពក៏ព្រោះតែក្រុមគ្រួសារចាំបើកភ្លើងបៃតងឱ្យជាស្រេចហើយ។
សម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់ ៧មករា លើកទី៤ ឆ្នាំ២០២៤ ក្រុមបាល់ទាត់មកពីសាលាអន្តរជាតិ New Gateway អាយុក្រោម ១០ បានធ្លាក់ក្នុងវគ្គសន្សំពិន្ទុ ខណៈក្រុមជើងឯកក្នុងកម្រិតអាយុនេះបានទៅលើសាលាបាល់ទាត់ភ្នំពេញក្រោន៕