មួយរយៈពេលចុងក្រោយនេះគុនខ្មែរកំពុងតែទទួលបានគាំទ្រពីអ្នកនិយមកីឡាប្រភេទដូនតាមួយនេះជាខ្លាំង។ ជាមួយគ្នានេះដែរ គ្រូបង្វឹកល្បីឈ្មោះខាងវាយបុក ពេជ្រ សុផាន់ បានលើកឡើងថាលោកតែងតែមានកូនចិត្តថាគុនខ្មែរនឹងមានការគាំទ្រច្រើន ឬអាចទទួលបានការជ្រុមជ្រែងពីអ្នកមានធនធានផ្សេងៗច្រើនដូចប្រទេសជិតខាងដែរ។
គ្រូមានប្រភពពីខេត្តតាកែវខាងលើ បានកត់សម្គាល់ពីសន្ទុះគាំទ្រគុនខ្មែរ កើនឡើងខ្លាំង តាំងពីឆ្នាំ ២០២២មក ដែលលោកយល់ថាលឿនហួសពីការរំពឹងទុក។
មិននឹកស្មានថាវិស័យប្រដាល់គុនខ្មែរយើងមានឱកាសរីកចម្រើនបែបនេះ កីឡាករអាចវាយបានតម្លៃខ្លួនច្រើន បានពានរង្វាន់ មានឡាន មានផ្ទះ វាធ្វើឱ្យសេដ្ឋកិច្ចកីឡាករឡើងលើសកម្រិត ។
បច្ចុប្បន្នលោកគ្រូ ពេជ្រ សុផាន់ គឺជាគ្រូបង្វឹកល្បីឈ្មោះ តាមរយៈសមត្ថភាពកូនសិស្សរបស់លោកមួយចំនួនធំវាយមិនរាថយ ជាពិសេស Superstar ប្រចាំក្លឹប គឺក្របីព្រៃ ពេជ្រ សម្បត្តិ ដំរីយោលដី ពេជ្រ ប៊ុនសុទ្ធ និងមនុស្សយន្ត រតនៈ សុធី ជាដើម៕