នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ចប់ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ក្រោមអធិតីភាព ឯកឧត្តម ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានការចូលរួមពីសំណាក់ លោក គឹម សាវុធ មេបញ្ជាការរងនៃបញ្ជាការដ្ឋានមូលដ្ឋានសមុទ្រ លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការនៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា និង លោក David Richard Dobson តំណាងតំបន់អភិវឌ្ឍន៍ Bay of Lights នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោង ស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សម្រាប់ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ នេះគណៈកម្មការរៀបចំការប្រកួតបានរៀបចំវិញ្ញាសាចំនួន ៥ ដោយមានកីឡាករ កីឡាការិនី ចូលរួមសរុបចំនួន ៣០រូប ដូចជា៖
១. វិញ្ញាសា Windsurfing Open ដែលមានកីឡាករ ១៣ រូប ចូលរួមប្រកួត
២. វិញ្ញាសា WindFoil IQ:Foil Open ដែលមានកីឡាករ ៤ រូប ចូលរួមប្រកួត
៣. វិញ្ញាសា ILCA Boat ដែលមានកីឡាករ កីឡាការិនី ៦ រូប ចូលរួមប្រកួត
៤. វិញ្ញាសា Byte Boat ដែលមានកីឡាករ ២ រូប ចូលរួមប្រកួត
៥. វិញ្ញាសា Optimist Boat ដែលមានកីឡាករ កីឡាការិនី ៥ រូប ចូលរួមប្រកួត