លោក ស៊ុំ វណ្ណា គ្រូបង្គោលសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃបានលើកឡើងជុំវិញ ការតេស្តយុវជនអាយុក្រោម១៨ឆ្នាំ ដំណាក់កាលទី២របស់ក្លឹប ថាទទួលបានជោគជ័យ និងមានភាពរលូនល្អ ខណៈលោកកត់សម្គាល់អំពីកម្រិតនៃការលេងបាល់ទាត់របស់យុវជនទាំងនោះមានសមត្ថភាពខ្ពស់ និងមានការយល់ដឹងពីបែបផែនបាល់ទាត់ច្រើន។
គ្រូបង្វឹកមានប្រភពពីខេត្តកំពង់ឆ្នាំងថ្លែងបែបនេះ ឆ្លងតាមបទពិសោធនដែលលោកធ្លាប់បានទៅធ្វើតេស្តយុវជនច្រើនដង ច្រើនទីតាំង ជាហេតុនាំឱ្យលោកអាចវាយតម្លៃបានថាយុវជនដែលស្រឡាញ់បាល់ទាត់មានការអភិវឌ្ឍខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ខ្ញុំគិតថាពីមួយឆ្នាំទៅមួយឆ្នាំក្មេងៗដែលនៅតាមបណ្តាខេត្តគឺគាត់មានគុណផលលេងរបស់គាត់យើងឃើញមកមានការគ្រប់គ្រងបាល់ ការបញ្ជូនបាល់ ផ្សេងៗគាត់មានអស់ហើយ។
នេះជាដំណាក់កាលចុងក្រោយនៃការធ្វើតេស្តយុវជនអាយុក្រោម១៨ឆ្នាំរបស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ដែលធ្វើការជម្រុះយុវជនជាង ៤០០នាក់ក្នុងដំណាក់កាលដំបូង មកត្រឹម ១៥០នាក់ជាង និងចុងក្រោយចម្រាញ់យកត្រឹម ៤០-៤៥នាក់ចុងក្រោយ ដើម្បីក្លាយជាយុវជនរបស់សមាគម៕