អតីតកីឡាការីនីហែលទឹកល្បីឈ្មោះរបស់កម្ពុជា ហើយបច្ចុប្បន្នជាគ្រូបង្វឹកកីឡាហែលទឹកនៅក្នុងក្រុមជម្រើសជាតិកម្ពុជា កញ្ញា ហែម ថុវិទីនី បានបង្ហាញក្ដីរីករាយ ក្រោយបានដឹកនាំកីឡាករកូនកាត់វ័យក្មេង ២រូប គឺកីឡាករកូនកាត់ខ្មែរ-បារាំង Antoine និងកីឡាករកូនកាត់ខ្មែរ-ហុល្លង់ Pieter លើភាពជាដៃគូជាមួយទីក្រុងម៉ូតូ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ថ្លែងក្នុងកិច្ចសម្ភាស កញ្ញា វិទិនី បានចាត់ទុកការចាប់ដៃគូជាមួយវិស័យឯកជននេះ គឺជាចំណែកដ៏សំខាន់ ជំរុញឲ្យខ្លួន និងកីឡាករកាន់តែខំប្រឹង ដើម្បីឆ្ពោះទៅរកការប្រកួតប្រជែង និងដណ្ដើមលទ្ធផលល្អជូនជាតិ។
កញ្ញាបានរំឭកថា កាលខ្លួននៅប្រកបអាជីពជាកីឡាការិនី រាល់ពេលចេញទៅប្រកួតអន្ដរជាតិនានា ភាគច្រើនគេស្គាល់ និងឧបត្ថម្ភគាំទ្រតែខ្លួន ផ្ទុយពីពេលនេះ ដែលសន្ទុះគាំទ្រកីឡាករ-កីឡាការិនីហែលទឹកមានច្រើនជាងមុន ។ ក្នុងនាមជាអ្នកកីឡា បន្ទាប់ពីទទួលយកគ្រប់ឧបសគ្គ ទាំងភាពជោគជ័យ និងបរាជ័យ ការគាំទ្រ ទាំងការគាំទ្រពីប្រជាពលរដ្ឋ និងការគាំទ្រពីវិស័យឯកជន គឺជាកម្លាំងចិត្តដ៏សំខាន់ ជំរុញឲ្យការខំប្រឹងកាន់តែខ្លាំង។
តាមរយៈការជួយ ឧបត្ថមដល់ កីឡាហែលទឹកនេះ កញ្ញារួមជាមួយកីឡាករហែលទឹកកម្ពុជា ពីររូបទៀត បានបង្ហាញ ការប្តេជ្ញា ចិត្តខ្ពស់ ក្នុងការចូលរួមប្រកួតកម្រិតជាតិ និងអន្តរជាតិនានា នឹងនាំយកជោគជ័យមកជូនប្រទេសជាតិជាបន្តរបន្ទាប់ទៀត ។ ទន្ទឹមនោះ កញ្ញាហែមថុន វិទិនី ក៏សង្ឃឹមថា ក្រុមឯកជន នឹងចូលរួមគាំទ្រឧបត្ថមដល់អត្តពលិកផ្សេងទៀត មិនមែនតែប្រភេទកីឡាកហែលទឹកមួយនោះទេ គឺគ្រប់ប្រភេទកីឡាទាំងអស់ ដែលបង្ហាញភាពលេចធ្លោជូនជាតិ ។