ជើងឯកទម្ងន់ស្រាល UFC ជនជាតិប្រេស៊ីល Deiveson Figueiredo បានឡើងការពារខ្សែក្រវាត់របស់ខ្លួនជាលើកដំបូង ហើយធ្វើបានយ៉ាងល្អ ដោយប្រើពេលមិនដល់២នាទីផងដើម្បីបញ្ចប់គូបដិបក្ខជនជាតិអាមេរិក Alex Perez ឱ្យសុំចុះចាញ់ ក្នុងព្រឹត្តិការណ៍ UFC 255 នៅ Las Vegas។
Figueiredo និង Perez បានចាប់ផ្ដើមសម្រុកគ្នាយ៉ាងរហ័ស ដោយអ្នកទាំង២ប្ដូរកណ្ដាប់ដៃគ្នាទៅវិញទៅមក រួច Perez ព្យាយាមផ្ដួល Figueiredo ទៅលើកម្រាលរេញ។ ការព្យាយាមបានជោគជ័យ ប៉ុន្តែនៅខណៈអ្នកទាំងពីរប្រតាយគ្នាទៅវិញទៅមក Figueiredo បានស្ទុះចាប់ជិះលើខ្នង Perez និងរឹតកឱ្យសុំចុះចាញ់ក្នុងនាទី១៖៥៧នៃទឹកទី១។
មកទល់ពេលនេះ Figueiredo វ័យ៣២ឆ្នាំ បានឈ្នះ៥ប្រកួតចុងក្រោយជាប់ៗគ្នា ពិសេស៤ដងចុងក្រោយប្រើពេលមិនដែលគ្រប់៣ទឹកទេ ចាក់គ្រឹះជាកំពូលកីឡាករគុនចម្រុះទម្ងន់១២៥ផោន (៥៦.៧គក)។
ក្នុងថ្ងៃនោះដែរ ជើងឯកទម្ងន់ស្រាលផ្នែកនារី Valentina Shevchenko បន្តភាពត្រួតត្រារបស់ខ្លួនក្នុងទម្ងន់១២៥ផោន ដោយទទួលជ័យជម្នះដោយពិន្ទុឯកច្ឆ័ន្ទយ៉ាងតានតឹងលើកីឡាការិនីប្រេស៊ីល Jennifer Maia។
នេះជាការឡើងការពារខ្សែក្រវាត់ដោយជោគជ័យ៤ដងជាប់ៗគ្នារបស់កីឡាការិនីកាហ្សាក់ស្ថានវ័យ៣២ឆ្នាំ Shevchenko៕