លោក កាំង សេន ដែលជាប្រធានក្លិបនិងជាកីឡាករ អាយ.អេស.អាយ ដង្កោសែនជ័យ បានរងរបួសដាច់សរសៃពួរជង្គង់ ACL អំឡុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយក្រុម ព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២២។
របួស ACL ជង្គង់នេះជារបួសធ្ងន់បំផុតមួយសម្រាប់កីឡាករអាជីព ដ្បិតវាទាមទាររយៈពេលយូរដើម្បីព្យាបាល ហើយជួនកាលអាចឈានដល់ការបញ្ចប់អាជីពរបស់កីឡាករថែមទៀតផង។ វាជារបួសដែលកីឡាករទាំងអស់មិនចង់ជួប ប៉ុន្តែវាបានកើតឡើងជារឿយៗចំពោះកីឡាករបាល់ទាត់ ហើយកាលពីថ្ងៃទី១១ខែកញ្ញាកន្លងទៅ របួសនេះបានកើតឡើងចំពោះលោក កាំង សេន។
ក្រោយរងរបួស លោក សេន ដែលជាអ្នកស្រឡាញ់កីឡាបាល់ទាត់ដ៏ខ្លាំងក្លាម្នាក់ ហើយបច្ចុប្បន្នបានសម្រេចក្ដីស្រមៃក្នុងការមានឈ្មោះជាកីឡាករក្នុងលីគអាជីពកម្ពុជាមួយរូប និងជាប្រធានក្លិប អាយ. អេស. អាយ ដង្កោសែនជ័យ បានបង្ហោះសារដ៏មានអត្ថន័យដែលកីឡាករដទៃរួមទាំងទស្សនិកជនអាចយកទៅពិចារណាដើម្បីបានជាប្រយោជន៍។
តាមរយៈសារបង្ហោះដោយទំព័រ Fan Club របស់ អាយ.អេស.អាយ ដង្កោសែនជ័យ លោក កាំង សេន បានសរសេរជាភាសាអង់គ្លេស ហើយ AMS Sports សូមប្រែសម្រួលជាខេមរភាសាដូចខាងក្រោមនេះ៖
ការឈឺចាប់របស់អត្តពលិក
-តើត្រូវការប្រើពេលប៉ុន្មានសម្រាប់មនុស្សគ្រប់វ័យក្នុងការប្រែក្លាយរាងកាយរបស់ខ្លួនទៅជារាងអត្តពលិកម្នាក់? គឺត្រូវការពេល០១ឆ្នាំ។
-តើរាងកាយមនុស្សម្នាក់ត្រូវការបញ្ចេញញើសប៉ុន្មានលីត្រទម្រាំអាចឱ្យរាងកាយរួចរាល់សម្រាប់ការប្រកួតមួយរយៈពេល៩០នាទី?។ គឺត្រូវការបញ្ចេញញើស១០០០លីត្រ។
-តើស្បែករបស់មនុស្សម្នាក់ត្រូវការទទួលរងកម្ដៅព្រះអាទិត្យប៉ុន្មានម៉ោងទើបស៊ាំនឹងកម្ដៅដ៏ក្ដៅនៅថ្ងៃប្រកួតបាន? គឺត្រូវការនៅក្រោមកម្ដៅព្រះអាទិត្យ១០០០ម៉ោង។
-តើសាច់ដុំត្រូវការហ្វឹកហាត់ជាប្រចាំច្រើនដងប៉ុណ្ណាដើម្បីអាចរួចរាល់សម្រាប់ការប្រកួតមួយដ៏ស្វិតស្វាញបាន? គឺត្រូវហាត់ដដែលៗ១០០,០០០ដង។
-ប៉ុន្តែតើត្រូវការកម្លាំងប៉ុណ្ណាដើម្បីធ្វើឱ្យដាច់សរសៃពួរជង្គង់ ACL បាន? គឺគ្រាន់តែធ្វើចលនាខុសតែបន្តិចប៉ុណ្ណោះ ធ្វើឱ្យដាច់ ACL បាន។
ការឈឺចាប់ខ្លាំងបំផុតរបស់អត្តពលិកគឺមិនមែនជាការបាក់ឆ្អឹង ឬការរហែកសរសៃពួរនោះទេ។ ប៉ុន្តែការឈឺចាប់បំផុតនោះគឺការខកខានឱកាសក្នុងការបង្ហាញគុណផលនៅក្នុងការប្រកួតមួយដែលអត្តពលិកម្នាក់ខំហាត់យ៉ាងខ្លាំងដើម្បីត្រៀម។ ទោះជាយ៉ាងណាក៏ដោយ ចិត្តរបស់អត្តពលិកត្រូវតែយកឈ្នះឱ្យបានលើឧបសគ្គ និងធ្វើឱ្យមានសេចក្ដីរីករាយកាន់តែខ្លាំងជាងមុននៅពេលត្រលប់មកវិញជាថ្មី។
ដូច្នេះតើវាត្រូវការពេលប៉ុន្មានសម្រាប់អត្តពលិកម្នាក់ដើម្បីរះឡើងនៅក្នុងចំណោមអត្តពលិកឆ្នើមៗ? គឺអាច ១ឆ្នាំ, ៣ឆ្នាំ, ៥ឆ្នាំ ឬ ១០ឆ្នាំឯណោះ ប៉ុន្តែក្ដីស្រមៃរបស់យើងមិនត្រូវថមថយចុះឡើយ។
តាមរយៈសារមួយនេះរបស់លោក កាំង សេន អាចឱ្យកីឡាករនិងទស្សនិកជនកាន់តែយល់ច្បាស់ថាទម្រាំក្លាយខ្លួនជាកីឡាករអាជីពម្នាក់ ទាមទារការលះបង់ ស៊ូទ្រាំយ៉ាងណាខ្លះ, ទម្រាំទទួលបានការដាក់ឱ្យចូលលេងក្នុងជម្រើស១១នាក់ដំបូង ទាមទារឱ្យមានការខំប្រឹងប្រែងយ៉ាងណាខ្លះ ហើយទម្រាំមានឈ្មោះល្បីល្បាញទៅបាន ទាមទារការអត់ធ្មត់ ព្យាយាមមិនបោះបង់ដូចម្ដេចខ្លះ៕