អ្នកអង្គម្ចាស់ នរោត្តម ណាន់ ដាទេវី អគ្គលេខាធិការសហព័ន្ធបង្ហាត់ជិះសេះកម្ពុជាមានបន្ទូលថាទ្រង់សព្វព្រះរាជហប្ញទ័យជាខ្លាំងក្រោយទតឃើញកំណើនកីឡាករ-កីឡាការិនីចូលរួមមានការកើនឡើងជាងការរៀបចំពីឆ្នាំកន្លងៗទៅ។
អគ្គលេខាធិការខាងលើបន្តមានបន្ទូលថាពិសេសក្រុមកីឡាករកម្រិតមូលដ្ឋាន ដែលពីមុនឡើយមានមិនដល់ ៥នាក់ផង តែលើកនេះកើនឡើងគុណនិង៤ដងឯណោះ។ ក្នុងឱកាសនោះ អ្នកអង្គម្ចាស់ ក៏ឆ្លៀតបង្ហាញកីឡាករវ័យក្មេងប្រចាំសហព័ន្ធបង្ហាត់ជិះសេះកម្ពុជា សម្រាប់ជាគំរូដល់ក្មេងៗឯទៀតដែលស្រឡាញ់កីឡាប្រើប្រាស់សត្វពាហនៈនេះផងដែរ។
បុត្រីសម្តេចក្រុមព្រះនរោត្តម ចក្រពង្ស ទ្រង់បង្ហើបគម្រោងថ្ងៃអនាគតកម្ពុជាអាចនឹងទទួលរៀបចំព្រឹត្តិការណ៍ប្រកួតជិះសេះកម្រិតអន្តរជាតិ FEI ក្រោយមានទីលានប្រកួតស្តង់ដាក្រោមកិច្ចសហប្រតិបត្តិការជាមួយ Genius Resort នេះ។
កម្មវិធីប្រកួតជិះសេះឆ្នាំ ២០២៤សហព័ន្ធបង្ហាត់ជិះសេះកម្ពុជា រួមដៃជាមួយ Genius Resort កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។ ក្នុងនោះមានពីរប្រភេទវិញ្ញាសារដាក់ឱ្យកីឡាករ-កីឡាការិនីប្រកួតប្រជែងគឺវិញ្ញាសារ GYMKHANA កម្រិតមូលដ្ឋាន, កម្រិតខ្ពស់ និងវិញ្ញាសារ SHOW JUMPING កម្រិត ៤០, ៦០, និង៨០ សង់ទីម៉ែត្រ៕