ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា រាល់ព្រឹត្តិការណ៍កីឡាម៉ារ៉ាតុងទាំងអស់ គឺរៀបចំឡើងក្នុងគោលបំណង ដើម្បីសប្បុរសធម៌ និងបរិស្ថាន ជាក់ស្ដែងទិរត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ ប្រសិនបើទទួលបានធនធានពីការរៀបចំ គណៈកម្មការនឹងធ្វើការបរិច្ចាគដល់មន្ទីរពទ្យ និងអង្គការដៃគូនានា។ ម្យ៉ាងការរៀបចំនេះ ក៏ដើម្បីប្រមូលនូវទស្សនៈទានរួម ក្នុងការបំផុសចលនាប្រជាពលរដ្ឋឱ្យចូលរួមថែរក្សានូវបរិស្ថាន បៃតង ពិសេសបរិស្ថានសមុទ្រ និងឆ្នេរ ដើម្បីទាក់ទាញនូវភ្ញៀវទេសចរផង ហើយក៏ដើម្បីទទួលបាននូវសុខភាពល្អផងដែរ។ ការលេីកឡេីងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី៩ នៅខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែមីនានេះ ខណៈព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ នឹងត្រូវរៀបចំផ្លូវការនាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ដោយចេញដំណើរ និងបញ្ចប់ នៅតំបន់ឆ្នេរអូរឈើទាល ស្របពេលគណៈកម្មការរៀបចំ ក៏បានចាប់ផ្ដើមទទួលពាក្យចូលរួមឡើងវិញផងដែរ ដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋបានចូលរួមបន្ថែមទៀត។
ឯកឧត្តម វ៉ាត់ ចំរើន ក៏បានអំពាវនាវប្រជាពលរដ្ឋ ពិសេសអ្នកខេត្តព្រះសីហនុ រួសរាន់ចុះឈ្មោះចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី៩ នៅក្រុងព្រះសីហនុឲ្យបានច្រើនកុះករ ដើម្បីរួមគ្នាបង្ហាញពីសក្ដានុពលឆ្នេរសមុទ្រកម្ពុជា និងឈានទៅរកការប្រកួតប្រជែងព្រឹត្តិការណ៍កីឡាតាមតំបន់ឆ្នេរក្នុងតំបន់។
ឯកឧត្តមបន្ថែមថា ផ្លូវរត់តាមបណ្ដោយឆ្នេរនៃក្រុងព្រះសីហនុ គឺស្រស់ស្អាតខ្លាំង ពិសេសក្រោយការជួសជុល និងសាងសង់ហេដ្ឋានរចនាសម្ព័ន្ធជាច្រើនរបស់រាជរដ្ឋាភិបាល បើធៀបព្រឹត្តិការណ៍កីឡាបណ្ដាប្រទេសក្នុងតំបន់ មិនទាន់មានផ្លូវរត់តាមឆ្នេរស្អាតបែបនេះឡើយ។ ប៉ុន្ដែផ្លូវរត់ស្អាត បើគ្មានការចូលរួមពីប្រជាពលរដ្ឋ ក៏មិនអាចរុញឱ្យព្រឹត្តិការណ៍មួយទទួលបានជោគជ័យដែរ។ ហេតុនេះ លោកបានស្នើឱ្យមានការយោគយល់ និងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមឱ្យបានច្រើន ដើម្បីឆ្លើយតបនឹងគោលបំណងនៃការរៀបចំផង និងជំរុញព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងតាមឆ្នេរនេះមានភាពល្បីល្បាញ និងទាក់ទាញការចូលរួមកាន់តែច្រើនផង។
គួរដឹងដែរថា មកទល់ពេលនេះ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី៩ នៅខេត្តព្រះសីហនុ បានទទួលអ្នកចុះឈ្មោះជាង ១,១៦០នាក់ហើយ ក្នុងនោះមានអ្នករត់ចម្ងាយ ២១គីឡូម៉ែត្រ ជាង ២៥០នាក់, អ្នករត់ចម្ងាយ ១០គីឡូម៉ែត្រជាង ៤៥០នាក់, អ្នករត់ចម្ងាយ ៥គីឡូម៉ែត្រជិត ៣០០នាក់ និងអ្នករត់កំសាន្តជាង ៣០០នាក់។ ក្នុងចំណោមអ្នកចុះឈ្មោះសរុប ក៏មានជនបរទេសជាង ២០០នាក់ផងដែរ។ យ៉ាងណាមិញ គណៈកម្មាធិការម៉ារ៉ាតុង នៅតែបន្ដទទួលពាក្យ រហូតដល់ថ្ងៃទី០៥-០៦ ខែមេសា ដើម្បីផ្ដល់សម្ភារៈជូនអ្នកចុះឈ្មោះ នៅទីតាំងឆ្នេរអូឈើទាលផ្ទាល់តែម្ដង៕