Karim Benzema ស៊ុតចូល២គ្រាប់ម្នាក់ឯងជួយ Real Madrid ឈ្នះ៣-០នៅផ្ទះ Cadiz យប់ថ្ងៃពុធទី២១ខែមេសា ហើយឡើងឈរទីកំពូលតារាង La Liga បណ្ដោះអាសន្ន។
Cadiz ជាគូបដិបក្ខផ្សេងគ្នាទី៣៥ដែលខ្សែប្រយុទ្ធជនជាតិបារាំងវ័យ៣៣ឆ្នាំបានស៊ុតចូលក្នុងក្របខណ្ឌ La Liga។ មានន័យថា Benzema តាមស្មើឯតទគ្គកម្មរបស់ Raul ជាកីឡាករស៊ុតចូលគូប្រកួតច្រើនក្រុមផ្សេងគ្នាបំផុតក្នុងលីគកំពូលអេស្ប៉ាញសម្រាប់ Real ដែលសូម្បី Cristiano Ronaldo មិនបានឈានដល់កំណត់ត្រានេះផង។
លើសពីនេះ Benzema ដែលចូលរួម Real ក្នុងរដូវក្ដៅឆ្នាំ២០០៩ ពេលនេះបានស៊ុតចូលយ៉ាងហោច១គ្រាប់ក្នុង៩ប្រកួតចុងក្រោយជាប់គ្នាក្នុង La Liga។ អតីតកីឡាករ Lyon ឥឡូវមាន២១គ្រាប់ ឈរលេខរៀងទី២ បន្ទាប់ពី Lionel Messi ដែលមាន២៣គ្រាប់។
ក្នុងការប្រកួតដែលខ្សែការពារស្លាបស្ដាំ Alvaro Odriozola រកបាន១គ្រាប់ដែរយប់មិញនេះ លោក Zinedine Zidane សរសើរកូនក្រុមរបស់លោកថាយល់ពីរបៀបការពារនិងការពារបានយ៉ាងល្អម្ដងទៀត ដែលជាគន្លឹះឈានទៅរកជ័យជម្នះ។
Real Madrid លេងមិនចាញ់១២ប្រកួតជាប់គ្នាក្នុង La Liga មកទល់ពេលនេះ និងកំពុងឈរទីកំពូលតារាងបណ្ដោះអាសន្ន មាន៧០ពិន្ទុស្មើ Atletico Madrid តែលេងលើសគូប្រជែង១ប្រកួត។
ដោយឡែក នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ Atletico Madrid ទទួល Huesca ម៉ោង០០៖០០, Granada ទទួល Eibar ម៉ោង២ ដំណាលគ្នានឹងជំនួបរវាង Real Sociedad ជាមួយ Celta Vigo, មុន Barcelona ស្វាគមន៍ Getafe ម៉ោង៣៕