ព្រឹត្តិការណ៍កីឡាសិស្សបឋមឆ្នាំ២០២៤ ត្រូវបានប្រកាសបើកជាផ្លូវការហើយកាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ធ្វើឡើងក្រោមប្រធានបទ ”កុមារជាថ្នាលអភិវឌ្ឍវិស័យកីឡា”។
សម្រាប់ប្រតិភូកីឡាមកពី២៥រាជធានីខេត្តចូលរួម សរុបចំនួន ២៧០០នាក់ ។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសង្កត់ធ្ងន់ថា ការប្រកួតត្រូវបានរៀបចំឡើងក្នុងគោលដៅបំណងចំនួន៤ គឺ ៖
១. បំផុសសកម្មភាពអប់រំកាយ និងកីឡានៅក្នុងគ្រឹះស្ថានសិក្សាទូទាំងប្រទេស។
២. ជួយបំផុសស្មារតី ឱ្យសិស្សបានចូល រួមលេងកីឡាដើម្បីសុខភាព ការរីកចម្រើនផ្នែកបញ្ញាស្មារតី កាយសម្បទាមាំមួន និង ឆន្ទះមោះមុត។
៣. ជំរុញនិងលើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកមានឧបនិស្ស័យ ដើម្បីចូលរួមការប្រកួត ក្នុងការបង្កើនសមត្ថភាពអាចក្លាយជាកីឡាករ កីឡាការិនីថ្នាលល្អៗ និងមានឱកាសអាចចូលរួមក្នុងក្រុមជម្រើសជាតិសម្រាប់ហ្វឹកហាត់ត្រៀមចូលរួមប្រកួតនៅលើឆាកជាតិនិងអន្តរជាតិនានា។
៤. បង្កើនការជួបជុំគ្នាដើម្បីបង្កបរិយាកាសសប្បាយរីករាយ បង្កើនមិត្តភាព សាមគ្គីភាព ការប្រាស្រ័យទាក់ទងគ្នាឱ្យកាន់តែស្អិតល្មួតរវាងសិស្សនៅទូទាំងប្រទេស ឱ្យចេះរួមរស់ជាមួយគ្នា យ៉ាងល្អប្រសើរនៅក្នុងសង្គមជាតិ។
តាមរបាយការណ៍ពីលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាបានឱ្យដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមីនា រហូតដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ដោយមាន១២ប្រភេទកីឡាបែងចែកជា៦៥វិញ្ញាសា។ សម្រាប់កីឡាទាំង១២មានបាល់ទះ បាល់ទាត់ បាល់បោះ វាយសី អត្តពលកម្ម តេក្វាន់ដូWT តេក្វាន់ដូITF កីឡាវាយកូនឃ្លីលើតុ ប៊ូលនិងប៉េតង់ គុនល្បុក្កតោ ហែលទឹក និងកីឡាគុនដាវ៕