Skip to content
    ទំព័រដើម  »  កីឡាជាតិ

សំអាត ស្រីតី នឹងឆ្លៀតផ្សព្វផ្សាយម្ហូប និងរបាំខ្មែរ អំឡុងបំពេញការងារស្ម័គ្រចិត្តនៅអូឡាំពិកក្រុងប៉ារីស

ក្នុងឱកាសចេញទៅធ្វើការជាអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍កីឡា​អូឡាំពិក និងប៉ារ៉ាឡាំពិក នាក្រុងប៉ារ៉ីស ប្រទេសបារាំង ឆ្នាំ២០២៤ ខាងមុខ យុវតី សំអាត ស្រីតី អះអាងថា នឹងព្យាយាមផ្សព្វផ្សាយពីប្រពៃណី វប្បធម៌ខ្មែរទៅកាន់ជនបរទេស។

អតីតអ្នកស្ម័គ្រចិត្តស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ សង្កត់ធ្ងន់ថា នឹងផ្សព្វផ្សាយពីម្ហូបអាហារ និង​របាំខ្មែរ ជាបន្តទៀត ដូចដែលនាងធ្លាប់ធ្វើពេលចេញទៅសិក្សានៅក្រៅប្រទេសកាលពីមុនដែរ។

និស្សិតឆ្នាំទី៤ផ្នែកសេដ្ឋកិច្ចខាងលើបានបង្ហាញអារម្មណ៍រីករាយដែលបានឱកាសតំណាងកម្ពុជាសម្រាប់ការងារស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍កីឡាកម្រិតពិភពលោកមួយនេះ។ នាងរំពឹងទទួលបានចំណេះដឹងថ្មីៗទាំងទស្សនវិស័យ និងការអភិវឌ្ឍនៅក្រៅប្រទេស។ ស្រីតីបន្តថា វត្តមាននៅប្រទេសបារាំង នាងនឹងព្យាយាមឆ្លៀតផ្សព្វផ្សាយពីវប្បធម៌ខ្មែរដល់អត្តពលិក និងប្រជាជនបរទេស។

សម្រាប់ការងារស្នូលរបស់សំអាត ស្រីតី ក្នុងនាមជាអ្នកស្ម័គ្រចិត្តនៅបារាំង គឺផ្ដោតលើការផ្ដល់សេវាពលរដ្ឋ ទាក់ទងនឹងកីឡាហែលទឹកចំពោះកុមារ និងកុមារមានពិការភាព ដើម្បីឱ្យពួកបានយល់ដឹងពីអត្ថប្រយោជន៍នៃកីឡាហែលទឹក។

យុវតីតមានលំនៅនៅក្រុងតាខ្មៅ ខេត្តកណ្ដាលរំឭកថា ក៏ផ្ដាំផ្ញើដល់យុវជនគួរចូលរួមការងារស្ម័គ្រចិត្តដើម្បីទទួលបានបទពិសោធថ្មីៗជាពិសេសទាក់ទងទៅនឹងចំណេះដឹង និងជំនាញផ្ទាល់ខ្លួន។
សំអាត ស្រីតី ដែលចេះភាសាបារាំងផងនោះ ក៏ធ្លាប់ធ្វើការងារស្ម័គ្រចិត្តជាច្រើន និងចុងក្រោយបង្អស់មុនទៅបារាំង គឺបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។