Skip to content
    ទំព័រដើម  »  កីឡាជាតិ

KKRC London Marathon 2024 នៅកម្ពុជានឹងប្រព្រឹត្តទៅនៅប៉េងហួតបឹងស្នោ ថ្ងៃអាទិត្យ នេះ

អ្នកនិយមការរត់ខ្ទង់១០០នាក់នឹងចូលរួមរត់ full marathon តែម្ដង ក្នុងព្រឹត្តិការណ៍ KKRC London Marathon 2024 ដែលប្រព្រឹត្តទៅ​ក្នុងបរិវេណបុរីប៉េងហួតបឹងស្នោ ល្ងាចថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤។

លោក ឃី សុភា អ្នករៀបចំព្រឹត្តិការណ៍ KKRC London Marathon 2024 ឱ្យដឹងថា ការៀបចំការប្រកួតនេះ គឺស្របពេលគ្នាទៅនឹងព្រឹត្តិការណ៍ London Marathon នាក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ដូច្នេះអ្នកដែលមិនបានទៅចូលរួមដោយផ្ទាល់នៅអង់គ្លេស អាចចុះឈ្មោះរត់​លក្ខណៈ virtual នៅប៉េងហួតនេះបាន ព្រោះមានការទទួលស្គាល់ពីគណៈកម្មការ London Marathon ហើយក៏មានការចូលរួមសហការពីបុរីប៉េងហួតផងដែរ។

អ្នករៀបចំខាងលើបន្តថា អ្នកចូលរួមនឹងទទួលបានអាវយឺត និងមេដាយដែលត្រូវបានបញ្ជូនពីក្រុងឡុងដ៍តែម្ដង។ ក្រៅពីអ្នកចុះឈ្មោះទទួលបានវត្ថុអនុស្សាវរីយ៍ ក៏មានអ្នកចូលរួមរត់ដើម្បីដឹងពីគុណផលរបស់ខ្លួនដែរ។

នេះជាឆ្នាំទី៣ហើយដែល KKRC London Marathon 2024 ត្រូវបានរៀបចំឡើង បន្ទាប់ពីឆ្នាំ ២០២២ នៅបឹងកក់ និងឆ្នាំ២០២៣ នៅបឹងស្នោរដូចគ្នា។ សម្រាប់ចំនួនអ្នកចូលរួមបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

វេលាចាប់ផ្ដើម គឺម៉ោង៤ល្ងាច ហើយបរិវេណរត់ គឺ នៅនាឡិកា Big Ben នៃ PH Euro Park និង Eco Park៕