Mesut Ozil ជួយក្រុមទទួលបានជ័យជម្នះសម្រាប់ការបង្ហាញខ្លួនលើកដំបូងនៅលើទីលានប្រកួតឱ្យ Fenerbache ក្រោយខកខានចូលលេង ៣២២ថ្ងៃ។
កីឡាករវ័យ៣២ឆ្នាំរូបនេះ បានសម្រេចចាកចេញពី Arsenal ដោយផ្លាស់មកក្លិបទួកគេ កាលពីខែមករា ឆ្នាំ២០២១ ក្រោយមិនទទួលបានឱកាសចូលលេងនៅក្នុងក្រុមកាំភ្លើងធំ ក្រោមការដឹកនាំរបស់លោក Mikel Arteta ដែលមិនបញ្ជូនឈ្មោះកីឡាកររូបនេះទៅក្នុងបញ្ជីកីឡាករត្រៀមប្រកួត Premier League និង Europa League ឡើយ។
Ozil បានបង្ហាញខ្លួនលើកដំបូងនៅក្នុងក្រុមខណ្ឌ Super Lig ទល់នឹង Hatayspor ក្រោយប្ដូរចូលជំនួស កីឡាករ Mame Thiam នៅនាទីទី៧៧ នៅពេលដែល Fenerbahce នាំមុខ ១-០ រួចទៅហើយ។
Ozil បានបញ្ជូនបាល់ទៅស្លាបខាងស្ដាំឱ្យ Ferdi Kadioglou ដែលបញ្ជូនបាល់កាត់មកក្នុងប្រអប់ ហើយខ្សែការពារ Jean Claude Billong ព្យាយាមរារាំងបាល់ប៉ុន្ដែបានធ្វើឱ្យបាល់ចូលទីខ្លួនឯងនៅនាទីទី៨៨។
ទោះយ៉ាងណាក្ដី នៅនាទីទី៩០ Boupendza រកគ្រាប់បាល់បានមួយគ្រាប់វិញ ដោយការស៊ុត volley ប៉ុន្ដែមិនគ្រប់គ្រាន់ឱ្យក្រុមម្ចាស់ផ្ទះ Hatayspor ទទួលបានពិន្ទុពីការប្រកួតនេះ៕